បរទេស៖ ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកឯកទេសមូយក្រុមត្រូវបានបញ្ជូន ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតករណីបុកគ្នា ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ A-350 មួយគ្រឿងរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន Japan Airlines ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Airbus បាននិយាយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេសដល់ការិយាល័យស៊ើបអង្កេត និងវិភាគសម្រាប់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល (BEA) នៃប្រទេសបារាំង និងដល់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជប៉ុន (JTSB) ដែលទទួលបន្ទុកស៊ើបអង្កេត។
ទូរទស្សន៍ NHK របស់ប្រទេសជប៉ុន បានរាយការណ៍ថា សមាជិកអាកាសយានិក ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រជប៉ុន ដែលបានបុកជាមួយយន្តហោះដឹកអ្នកដំណើរនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ខណៈដែលប្រធានក្រុមដែលបានរត់គេចខ្លួនមុននេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្ររបស់ជប៉ុន លោក Yoshinori Yanagishima មុននេះបានបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងយន្តហោះរបស់ Japan Airlines និងជើងហោះហើរ MA-722 ដែលជាយន្តហោះ Bombardier Dash-8 ដោយយន្តហោះទាំងពីរបានឆាបឆេះ។
យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា យន្តហោះឆ្មាំឆ្នេរសមុទ្រកំពុងធ្វើដំណើរនៅលើផ្លូវរត់ដើម្បីដឹកជញ្ជូនទំនិញសង្គ្រោះសម្រាប់តំបន់រងគ្រោះដោយរញ្ជួយដីក្នុងខេត្ត Niigata បន្ទាប់ពីមានការរញ្ជួយជាបន្តបន្ទាប់រហូតដល់កម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារកណ្តាលប្រទេសជប៉ុនកាលពីរសៀលថ្ងៃចន្ទ៕ ប្រែសម្រួលៈ ណៃ តុលា