ព័ត៌មានអន្តរជាតិ

ទីក្រុងជាច្រើនរបស់អ៊ុយក្រែន ផ្ទុះយ៉ាងកក្រើក ដោយសារតែការវាយប្រហារ ពីដែនអាកាសរបស់រុស្ស៊ី

AFP

បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាបានធ្វើឱ្យកក្រើកទីក្រុងជាច្រើន របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនោះបើតាមសេចក្តីរាយការណ៍ គឺបានកើតឡើងបន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់ទីក្រុងគៀវ ថា បានអនុវត្ត “ការវាយប្រហារភេរវកម្ម” យ៉ាងសាហាវទៅលើទីក្រុង Donetsk និង Belgorod ហើយរុស្ស៊ីក៏ប្តេជ្ញាសងសឹកវិញផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការបញ្ជាក់ របស់ក្រសួងការពារជាតិរុស្ស៊ី ពីការវាយប្រហារនោះថា ខ្លួនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីតម្រង់គោលដៅទៅលើទីតាំង ឧស្សាហកម្មការពារជាតិអ៊ុយក្រែន ដែលផលិតមីស៊ីល យន្តហោះគ្មានមនុស្សបើក និងឧបករណ៍យោធាផ្សេងទៀត។

ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារនេះក៏មានគោលបំណង បំផ្លាញកន្លែងស្តុកទុកមីស៊ីល និងគ្រាប់រំសេវជាច្រើនប្រភេទ រួមទាំងសម្ភារៈដែលផ្តល់ដោយពួកអ្នកគាំទ្រ លោកខាងលិចដល់ទីក្រុងគៀវ ដោយបន្ថែមថា “គោលដៅទាំងអស់ត្រូវបានវាយប្រហារ” ។

អភិបាលក្រុងគៀវគឺលោក Vitaly Klitschko នៅព្រឹកព្រលឹមថ្ងៃអង្គារ បានបញ្ជាក់ថា ការផ្ទុះត្រូវបានរាយការណ៍ នៅក្នុងសង្កាត់ជាច្រើនក្នុងទីក្រុងគៀវ ។ លោកថា គ្រឿងបរិក្ខារ និងអគារលំនៅឋានមួយចំនួន ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ហើយ «នៅតំបន់ខ្លះមានការខ្វះសម្ពាធបណ្ដោះអាសន្ន ក្នុងបណ្តាញផ្គត់ផ្គង់ទឹក»។

ក្រសួងថាមពលរបស់អ៊ុយក្រែនបានអះអាងថា ការវាយប្រហារតាមអាកាសនេះ បានធ្វើឱ្យប្រជាជនប្រហែល ២៦០.០០០ នាក់នៃទីក្រុងនេះមិនមានអគ្គិសនីប្រើប្រាស់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top