សៅប៉ូឡូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងបឹងមួយនៅក្នុងទីក្រុង Capitolio ស្ថិតក្នុងរដ្ឋ Minas Gerais នៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ។
ដោយបានដកស្រង់របាយការណ៍ បឋមពីនាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងតំបន់ ជនរងគ្រោះរួមមាន ក្រុមអ្នកទស្សនាដែលមកទស្សនាបឹង Furnas ដែលឧទ្ធម្ភាគចក្រហាក់ដូចជា មានបញ្ហាបច្ចេកទេសនៅពេលហោះឡើង ដែលនាំឱ្យយន្តហោះធ្លាក់ចូលទៅក្នុងទឹកបឹងនោះ ។
ខ្សែវីដេអូ និងរូបភាពដែលបានចេញផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានចាប់យកហេតុការណ៍នៃឧបទ្ទវហេតុនេះ នៅគ្រាដែលមនុស្សរាប់ពាន់នាក់ កំពុងដើរជុំវិញបឹងនៅក្នុងអំឡុង ថ្ងៃឈប់សម្រាកនារដូវក្តៅនេះ ។
យោងតាមកងកម្លាំងអាកាស របស់ប្រទេសប្រេស៊ីល និងអធិការមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបង្ការគ្រោះថ្នាក់អាកាសរបស់ប្រទេសនេះ ត្រូវបានអំពាវឱ្យមានការស៊ើបអង្កេត លើឧប្បត្តិហេតុនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា