តូក្យូ ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែន នូវបច្ចេកវិទ្យាផលិតជីវឥន្ធនៈ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញនៃប្រទេស អឺរ៉ុបខាងកើត ដែលហែកហួរដោយសង្រ្គាមជាមួយរុស្ស៊ី។
ផែនការនេះនឹងត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ នៅខែក្រោយ របស់មន្ត្រីមកពីវិស័យសាធារណៈ និងឯកជនរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់ការងើបឡើងវិញ របស់អ៊ុយក្រែន ។
ទីក្រុងតូក្យូរំពឹងថា បច្ចេកវិទ្យាជីវឥន្ធនៈនឹងបង្កើត ឧស្សាហកម្មថ្មីមួយនៅអ៊ុយក្រែន ដែលជាប្រទេសកសិកម្មសម្បូរទៅដោយធនធាន ដែលអាចប្រើប្រាស់ ជាឥន្ធនៈបាន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មិនដូចសហរដ្ឋអាមេរិក និងអឺរ៉ុបនោះទេ ប្រទេសជប៉ុននៅក្រោមរដ្ឋធម្មនុញ្ញ សន្តិភាពរបស់ខ្លួនមានការដាក់ បម្រាមដោយខ្លួនឯងលើការនាំចេញអាវុធ ហើយផ្ទុយទៅវិញវាផ្តោតលើមធ្យោបាយ ដើម្បីជួយក្នុងការស្តារ និងកសាងឡើងវិញបន្ទាប់ពីការលុកលុយ របស់រុស្ស៊ី។
គេរំពឹងថាក្រុមហ៊ុនជប៉ុន នឹងយល់ព្រមផ្តល់ បច្ចេកវិជ្ជាផលិតថាមពលកកើតឡើងវិញ និង ឧបករណ៍ពាក់ព័ន្ធ នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែនសម្រាប់ការ លើកកម្ពស់ការកសាងសេដ្ឋកិច្ចឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ។
ជីវឥន្ធនៈដែលត្រូវបាន ផលិតចេញពីដំណាំ និងកាកសំណល់បសុសត្វ អាចត្រូវបានប្រើ សម្រាប់ផលិតថាមពល ហើយត្រូវបានទាក់ទាញ ការយកចិត្តទុកដាក់ជា បច្ចេកវិទ្យាមួយ ដែលអាចដឹកនាំកិច្ចខិតខំ ប្រឹងប្រែងកាបូន៕
ប្រែសម្រួល ឈូក បូរ៉ា