ព័ត៌មានអន្តរជាតិ

ការរញ្ជួយដី ដ៏ធំរបស់ប្រទេសជប៉ុន បង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនុយក្លេអ៊ែរ

រូបភាពពី៖​ XINHUA

តូក្យូ៖ ការរញ្ជួយដីដ៏ធំមួយកាលពីថ្ងៃចន្ទ បានអង្រួនកណ្តាលប្រទេសជប៉ុន ដោយជំរុញឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយរញ្ជួយដី។

ការរញ្ជួយដ៏ខ្លាំងជាបន្តបន្ទាប់ ជាមួយនឹងកម្លាំងខ្លាំងមួយក្នុងកម្រិត ៧,៦ រ៉ិចទ័រ បានវាយប្រហារឧបទ្វីបណូតូ ក្នុងខេត្ត Ishikawa ក្នុងជម្រៅរាក់កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានដាក់ឈ្មោះវាជាផ្លូវការថា គ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ឆ្នាំ២០២៤។

យ៉ាងហោចណាស់មនុស្ស ៧៨ នាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK ដោយដកស្រង់សម្តីមន្ត្រីមកពីខេត្ត Ishikawa ។

បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦រិចទ័រកាលពីថ្ងៃច័ន្ទ ការព្រួយបារម្ភបានកើតឡើង ចំពោះសុវត្ថិភាពនុយក្លេអ៊ែររបស់ប្រទេសជប៉ុន ដែលត្រូវបានចោទសួរជាបន្តបន្ទាប់ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ដែលបានបង្កឱ្យមានការរលាយនុយក្លេអ៊ែរ នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ។

ការរញ្ជួយដីនៅក្នុងខេត្ត Ishikawa បានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិដ៏កម្រ និងការព្យាករណ៍ថា រលកកម្ពស់រហូតដល់ ៥ ម៉ែត្រអាចវាយប្រហារ ប៉ុន្តែនៅម៉ោង ១០ព្រឹកម៉ោងក្នុងស្រុក ​កាលពីថ្ងៃអង្គារ ការព្រមាន និងការណែនាំទាំងអស់ត្រូវបានដកចេញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top