ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ការ​បំផ្ទុះ​ពីរ​លើក​ នៅ​ជិត​កន្លែង​បញ្ចុះ​សព​លោក Soleimani បាន​សម្លាប់​មនុស្ស ៩៥​នាក់

តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា ការផ្ទុះពីរនៅជិតកន្លែងបញ្ចុះសព របស់ឧត្តមសេនីយអ៊ីរ៉ង់លោក Qassem Soleimani បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ និងរបួសជាង ២១០នាក់ទៀតកាលពីថ្ងៃពុធ។

ការបំផ្ទុះបានកើតឡើង នៅពេល ដែលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសព ក្នុងទីក្រុងខើមេន ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទីបួន នៃការស្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូន របស់សហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា ការបំផ្ទុះលើកទីមួយមានចម្ងាយប្រហែល ៧០០ ម៉ែត្រពីផ្នូររបស់លោក Soleimani និងទីពីរមាន ចម្ងាយមួយគីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rahman Jalali អភិបាលរងខេត្តខើមេន ទទួលបន្ទុកកិច្ចការ នយោបាយ និងសន្តិសុខ បានឲ្យដឹងថា ការបំផ្ទុះនេះធ្វើឡើងដោយក្រុម “ភេរវករ” នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន IRNA ​។

ជាមួយគ្នានេះ បណ្តាញព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានឲ្យដឹងថា មូលហេតុនៃការបំផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយក្រុមជួយសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ។ ប្រភព​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ការ​រង​របួស ​គឺ​បណ្តាល​មក​ពី​ការ​កកកុញ និង​ការ​ភ័យ​ស្លន់ស្លោ។

រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​ប្រកាសថា ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ។ លោក Soleimani ដែលជាមេបញ្ជាការយោធា ដ៏មានឥទ្ធិពលបំផុតមួយរូប ក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានសម្លាប់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋាន អន្តរជាតិរបស់ទីក្រុងបាកដាដ ក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដែលបញ្ជាដោយ សហរដ្ឋអាមេរិកនៅពេលនោះ​ ក្រោមការដឹកនាំរបស់​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​។

លោកត្រូវបានគេបញ្ចុះនៅស្រុក កំណើតរបស់លោក នៅ ខើមេន បន្ទាប់ពីពិធីបុណ្យសព ដែលបានទាក់ទាញអ្នកកាន់ ទុក្ខរាប់លាននាក់នៅទូទាំងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​បរិហារ​ការ​ធ្វើ​ឃាត​នេះ​ថា ​ជា​អំពើ​ភេរវកម្ម​របស់​រដ្ឋ ហើយ​បាន​ប្តេជ្ញា​សងសឹក ៕
ប្រែសម្រួល ឈូក បូរ៉ា
AFP

To Top