ព័ត៌មានអន្តរជាតិ

តុលាការកំពូល​អ៊ីស្រាអែល ពន្យារពេលច្បាប់រារាំងការដកលោក ណេតាន់យ៉ាហ៊ូ ចេញពីតំណែង

រូបភាពពី៖​ AFP

យេរ៉ូសាឡឹម៖ តុលាការកំពូលរបស់អ៊ីស្រាអែល បានពន្យារពេលកាលពីថ្ងៃពុធ ចំពោះការធ្វើឱ្យសកម្មនៃច្បាប់ចម្រូងចម្រាស ដែលមានគោលបំណងរារាំងការប្រកាសថា នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនស័ក្តិសម សម្រាប់តំណែងរបស់លោកបច្ចុប្បន្ននោះទេ។

នៅក្នុងការបោះឆ្នោត ៦-៥ ចៅក្រមតុលាការកំពូលបានសម្រេចថា ការធ្វើឱ្យសកម្មនៃអ្វីដែលគេហៅថា “ច្បាប់អសមត្ថភាព” នឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តី​សម្រេច​នេះ​រារាំង​លោក ណេតាន់យ៉ាហ៊ុឲូ ដែល​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​របស់​អ៊ីស្រាអែល ពី​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ច្បាប់។ ការ​បោះ​ឆ្នោត​លើក​ក្រោយ​ត្រូវ​បាន​គេ​រំពឹង​ទុក​ក្នុង​រយៈ​ពេល​ប្រហែល ២​ឆ្នាំ​ទៀត ប៉ុន្តែ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​មុន​នេះ។

សភាអ៊ីស្រាអែល ឬ Knesset ដែលគ្រប់គ្រងដោយក្រុមចម្រុះស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានអនុម័តច្បាប់នេះនៅក្នុងខែមីនា ឆ្នាំ២០២៣ ដែលជាផ្នែកមួយនៃផែនការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់អ៊ីស្រាអែលឡើងវិញ។ ច្បាប់នេះការពារលោក ណេតាន់យ៉ាហ៊ូ ពីការត្រូវបានប្រកាសដោយអគ្គមេធាវីថា មិនស័ក្តិសមសម្រាប់តំណែងជុំវិញករណីទំនាស់ផលប្រយោជន៍។

លោក ណេតាន់យ៉ាហ៊ូ បាននិងកំពុងធ្វើការ ដើម្បីជួសជុលប្រព័ន្ធច្បាប់ ខណៈដែលកំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌលើករណីពុករលួយចំនួនបីដាច់ដោយឡែកពីគ្នា។ លោក ណេតាន់យ៉ាហ៊ូ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​សេចក្តី​សម្រេច​នេះ​ទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top