ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានអ៊ុយក្រែន ថា ការគាំទ្រ មិនអាចស្ថិតក្នុងកម្រិត ដូចពីមុនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួង ការបរទេស អាមេរិក លោក Matthew Miller បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កម្រិតនៃការផ្តល់មូលនិធិ យោធារបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន អាចនឹងថយចុះជាពិសេស នៅពេលដែលប្រទេសនេះ អាចឈរនៅលើជើងពីររបស់ខ្លួនបាន។

លោក Miller បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលសន្និសីទសារព័ត៌មាន ជាទៀងទាត់ដោយឆ្លើយតបទៅនឹងសំណួរ ស្តីពីការផ្លាស់ប្តូរសក្តានុពល នៅក្នុងយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិក ស្តីពីអ៊ុយក្រែន ។
អ្នកនាំពាក្យរូបនេះបានទទូចថា ក្រុងវ៉ាស៊ីនតោនតែងតែស្វែង រកឱ្យអ៊ុយក្រែន ក្លាយជាប្រទេស ដែលអាចការពារខ្លួនដោយខ្លួនឯង ហើយទីបំផុត ក្លាយជាប្រទេសឯករាជ្យ។

លោកបន្តថា៖ យើងតែងតែបញ្ជាក់យ៉ាង ច្បាស់ថា យើងចង់ឱ្យអ៊ុយក្រែនជាប្រទេសឯករាជ្យ។ នោះមានន័យថា វាអាចឈរនៅលើជើង ពីរដោយខ្លួនឯងបាន ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន នោះ​ជា​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដរាប​ណា​វានៅតែ​ត្រូវ​ការ ។

លោកបានព្រមានថា ទោះបីជាយ៉ាងណាក៏ដោយ ការផ្តល់មូលនិធិយោធា សម្រាប់រដ្ឋាភិបាលទីក្រុងគៀវ នឹងត្រូវស្ងួតហួតហែង នៅចំណុចណាមួយ នាពេលអនាគតទោះបី ពេលនោះមិនទាន់មកដល់នៅឡើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top