បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនបានទទួលយកសំណើ របស់សហរដ្ឋអាមេរិក ក្នុងការជួយជាការឆ្លើយតបទៅនឹង ការរញ្ជួយដីដ៏ខ្លាំង ដែលបានធ្វើឱ្យកក្រើកតំបន់កណ្តាល នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយកត់សម្គាល់ថា ការគាំទ្រផ្នែកដឹកជញ្ជូនពីយោធា ក៏ដូចជាអាហារ និងការផ្គត់ផ្គង់ផ្សេងទៀត កំពុងត្រូវបានត្រៀមរួចរាល់។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិក បានប្រាប់ Kyodo News ថា “នៅពេលដែលប្រទេសជប៉ុនស្ថិតក្នុងគ្រាមានតម្រូវការ យើងនៅទីនេះដើម្បីគាំទ្រពួកគេ ទាំងស៊ីវិល ជាមួយនឹងធនធាន យោធា ជាមួយនឹងការដឹកជញ្ជូន” ។ លោកបានបន្តថាដំបូងជំនួយនឹងមានតម្លៃប្រហែល ១០ ម៉ឺនដុល្លារ ប៉ុន្តែនោះនឹងជា «ការផ្តល់មួយផ្នែកមុន»។
ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសជប៉ុនបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងខេត្ត Ishikawa ខណៈដែលចំនួនអ្នក ស្លាប់កើនឡើងលើសពី ៨០នាក់ ។ ការចូលទៅកាន់តំបន់រងគ្រោះ ដោយគ្រោះមហន្តរាយត្រូវ បានរារាំងដោយសារតែផ្លូវថ្នល់ដាច់។
លោកឯកអគ្គរដ្ឋទូត បាននិយាយថា ឧទ្ធម្ភាគចក្រនឹងជួយក្នុងការផ្លាស់ប្តូរធនធានក្នុង និងក្រៅតំបន់ ហើយជំនួយជាច្រើន ដូចជា អាហារ ទឹក ភួយ ជំនួយផ្នែកវេជ្ជសាស្រ្តដល់វិស្វករយោធាសម្រាប់ធ្វើស្ពាន និងផ្លូវថ្នល់គឺនៅលើតុ។
លោកបាននិយាយថា “យើងបានផ្តល់ឱ្យជប៉ុន (ជំនួយ) ហើយជប៉ុនបានទទួលយក ហើយនេះគឺជាការផ្តល់មួយផ្នែក មុនប្រសិនបើពួកគេត្រូវការបន្ថែមទៀត ពួកគេដឹងថា ពួកគេអាចហៅបានជានិច្ច” ៕