ព័ត៌មានអន្តរជាតិ

Update៖ អគ្គលេខាធិការ UN ស្វាគមន៍ចំពោះ ការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន

រូបភាពពី៖​ AFP

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន ចំនួន២៣០នាក់ និងរុស្ស៊ី ចំនួន២៤៨នាក់ ដែលជាការដោះដូរដ៏ធំបំផុតនៅក្នុងជម្លោះជិត២ឆ្នាំមកនេះ ។

លោកស្រី Stephanie Tremblay អ្នកនាំពាក្យរងរបស់លោក Guterres បានបញ្ជាក់ថា “គាត់បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំង២ និងការសម្របសម្រួលភាគីទី៣ដោយប្រទេសអារ៉ាប់រួម ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍ជាវិជ្ជមាននេះ” ។

លោកស្រីបានលើកឡើងទៀតថា “លោកអគ្គលេខាធិការសង្ឃឹមថា ជំហានដ៏សំខាន់នេះនឹងត្រូវបានបន្តដោយការដោះដូរអ្នកទោសសង្គ្រាមបន្ថែមទៀត និងដោយការប្រឹងប្រែងកាត់បន្ថយការកើនឡើងសម្ពាធផ្សេងទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top