ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកទឹកចិត្តនាយទាហានជំនាញគ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ បង្កើតនូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹងពង្រីកសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាព អង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិ ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដា្ឋន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអរគុណឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដែលបានរាយការណ៍គ្រប់ជ្រុងជ្រោយ រំលេចនូវភារកិច្ចទាំង៥ របស់ខ្លួនមានជាអាទិ៍ទី១៖ ការងារហិរញ្ញវត្ថុ ទី២៖ ការងារផ្គត់ផ្គង់ ទី៣៖ ការងារធានាប្រេងឥន្ធនៈ ទី៤៖ ការងារដឹកជញ្ជូន និងទី៥ ៖ ការងារសុខាភិបាល និងមន្ទីរពេទ្យ ព្រមទាំងការងារផ្សេងៗទៀត បានរួមចំណែកយ៉ាងសំខាន់ នូវភារកិច្ចកងយោធពលខេមរភូមិន្ទ ក្នុងការធានាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ឱ្យបានគង់វង្សស្ថិតស្ថេរ គ្រប់កាលៈទេសៈ ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដោយបង្កើតឱ្យមានបញ្ហា ប្រឈមជាច្រើន រួមជាមួយការបន្តកើតឡើងនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានទំនើប ជំងឺរាតត្បាត គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ទោះបីមានផល ប៉ះពាល់បណ្តាលមកពីបញ្ហា ប្រឈមយ៉ាងស្មុគស្មាញខាងលើ ក៏ប៉ុន្តែ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានរួមសហការជាមួយ នាយទាហានជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ខិតខំសម្រេចជោគជ័យនូវបេសកកម្មរបស់ខ្លួនជាមួយនឹងសមិទ្ធផល និងស្នាដៃជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុង ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយបាន យ៉ាងល្អប្រសើរ ។
ប្រមុខការពារជាតិបញ្ជាក់ថា សមិទ្ធផលដែលគ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ សម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹង ប្រែងក្នុងការចូលរួមអនុវត្តយ៉ាង សកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យការពារជាតិកាន់តែរីកចម្រើនថែមទៀត។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ នាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន រដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅរកកម្រិតស្តង់ដារអន្តរ-ជាតិ តាមរយៈការកែទម្រង់ ការគ្រប់គ្រងចំណូលថវិកាជាតិ និងបង្កើនប្រសិទ្ធភាព ចំណាយការអនុវត្តប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងការរៀបចំក្របខណ្ឌថវិកា ជាក់លាក់ទៅនឹងការពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តថវិកាកម្មវិធី និងការឈានទៅពង្រឹងការ អនុវត្តថវិកាផ្អែកលើសមិទ្ធកម្ម ៕