បរទេស៖ មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឧត្តមសេនីយ៍ វ៉ាល័ររី សាលូស្នី តាមសេចក្តីរាយការណ៍បានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសមាជិកសភាមិនអាចយល់ព្រមលើច្បាប់ស្តីពីការកេណ្ឌទ័ពថ្មីទេនោះ ក្រុមសមាជិកសភាទាំងនោះគឺត្រូវបានស្វាគមន៍ក្នុងការស្ម័គ្រចិត្តសម្រាប់ទៅប្រយុទ្ធនៅជួរមុខដោយខ្លួនឯង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់របស់ឧត្តមសេនីយ៍ សាលូស្នី បានធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិនៃសភា Verkhovna Rada នេះបើយោងតាមការបោះពុម្ពផ្សាយរបស់អ៊ុយក្រែន New Voice ។ សារព័ត៌មានបានដកស្រង់ប្រភពដែលមានវត្តមាននៅសភាពេលនោះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះនោះទេ។
ឧត្តមសេនីយ៍ សាលូស្នី បានរាយការណ៍ថា “ខ្ញុំត្រូវការមនុស្ស” ។ “រុស្ស៊ីបានកេណ្ឌទ័ពចំនួន ៤០០.០០០ នាក់រួចហើយ ហើយកំពុងរៀបចំជាច្រើនសែនទៀត។ ហើយតើខ្ញុំមានឬអត់? ទាំងងាកទៅកាន់ពិភពលោក ហើយសួរមនុស្សនៅទីនោះ ឬទៅប្រយុទ្ធដោយខ្លួនឯង ប្រសិនបើអ្នកមិនផ្តល់ឲ្យនោះ»។
ឧត្តមសេនីយ៍ សាលូស្នី បានទទូចថា លុះត្រាតែច្បាប់នៃកេណ្ឌទ័ពតឹងរ៉ឹងជាងនេះ ត្រូវបានអនុម័ត “នឹងគ្មាននរណាការពាររដ្ឋឡើយ”។ យោងតាមប្រភពដដែល លោកក៏បានជំទាស់នឹងសំណើកេណ្ឌអ្នកទោសផងដែរ ព្រោះនេះនឹងបង្កើតការយល់ឃើញថា ការបម្រើយោធាគឺជាការដាក់ទណ្ឌកម្ម។
ឧត្តមសេនីយ៍បានរាយការណ៍ប្រាប់សមាជិកសភាថា “នឹងមានការបណ្តុះបណ្តាល ៨០ ថ្ងៃសម្រាប់មនុស្សម្នាក់ៗដែលត្រូវបានកេណ្ឌ ប៉ុន្តែផ្តល់ឲ្យខ្ញុំជាមួយនឹងកងទ័ពជាមុនសិន”។
ទីក្រុងគៀវបានតស៊ូដើម្បីជំនួសទាហានចំនួន ១២៥.០០០ នាក់ដែលបានបាត់បង់នៅក្នុងការវាយលុករដូវក្តៅដែលបរាជ័យ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ (Sergey Shoigu) បានដាក់ការខាតបង់របស់ទាហានអ៊ុយក្រែនដល់ជាង ៣៨៣.០០០ នាក់ ទាំងស្លាប់ និងរបួស ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានាធិបតី Vladimir Zelensky បានប្រកាសកាលពីខែមុនថា ឧត្តមសេនីយ៍ សាលូស្នី បានស្នើសុំកងទ័ពរហូតដល់ ៥០ ម៉ឺននាក់ទៀត។
អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន បានជំរុញលោក Zelensky ឱ្យពង្រីកការកេណ្ឌទ័ពនេះដល់ក្រុមបុរស និងស្ត្រីវ័យក្មេង និងមនុស្សប្រុសវ័យចំណាស់ផងដែរ នេះបើយោងតាមការស៊ើបអង្កេតរបស់រុស្ស៊ី។ សមាជិកសភាមកពីគណបក្ស ‘Servant of the People’ ដែលកំពុងកាន់អំណាចរបស់លោក Zelensky គឺលោកស្រី Mariana Bezuglaya ពិតជាបានស្នើសុំវិសោធនកម្មដែលនឹងអនុញ្ញាតឱ្យធ្វើការកេណ្ឌស្ត្រីចូលបម្រើទ័ព។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិលើ Facebook របស់លោកស្រីផ្ទាល់ បានបង្ហាញថា 74% នៃបុរស និង 65% នៃស្ត្រីមានឆន្ទៈក្នុងការលះបង់សញ្ជាតិអ៊ុយក្រែនរបស់ពួកគេ ដើម្បីជៀសវាងការចូលបម្រើទ័ព៕ ប្រែសម្រួលៈ ណៃ តុលា