បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអស់ថវិការបស់ខ្លួនសម្រាប់ ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនហើយ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន “អស់លុយ” ពិតមែន លុះត្រាតែសមាជិកសភា អនុម័តកញ្ចប់ជំនួយថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Ryder បានពន្យល់ថា ខណៈពេលដែលមន្ទីរបញ្ចកោណ ត្រូវបានអនុញ្ញាតឱ្យចំណាយប្រាក់ចំនួន ៤,២ ពាន់លានដុល្លារផ្សេងទៀត លើអាវុធសម្រាប់អ៊ុយក្រែន ប៉ុន្តែមូលនិធិជាក់ស្តែងមិនមានទេ ហើយត្រូវតែត្រូវបានទុកឡែកដោយសភា។
អ្នកនាំពាក្យបាននិយាយថា “យើងមានសិទ្ធិអំណាចក្នុងការចំណាយ ៤,២ ពាន់លានដុល្លារ ពីមូលនិធិដែលមាន ប៉ុន្តែនឹងមិនមានសមត្ថភាព ក្នុងការបំពេញស្តុកដោយដកប្រាក់ចេញ ឬយករបស់ចេញពីស្តុករបស់យើងទេ” ដោយបន្ថែមថា “យើងអស់សាច់ប្រាក់ហើយ”។

ការទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានប្រាប់ CNN ថាប្រទេសរបស់លោកមិនមាន “ផែនការ B” ដោយគ្មានជំនួយយោធារបស់អាមេរិកទេ ដោយបានរំលឹកឡើងវិញនូវ ការទាមទារសម្រាប់យន្តហោះ គ្មានមនុស្សបើកប្រយុទ្ធថ្មី មីស៊ីលរយៈចម្ងាយឆ្ងាយ និងសមត្ថភាពការពារដែនអាកាស ក្នុងចំណោមឧបករណ៍ផ្សេងទៀត ៕
ប្រែសម្រួលៈ ណៃ តុលា
