ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យា គឺលោក Elon Musk ព្រមានប្រឆាំង នឹងការឈ្លានពាន លើរុស្ស៊ី

AFP

បរទេស ៖ មិនដែលឈ្លានពានរុស្ស៊ី, បេះជាអ្វីដែលមហាសេដ្ឋីបច្ចេកវិទ្យា គឺលោក Elon Musk បានទទូចក្នុងអំឡុងពេលពិភាក្សា អំពីយុទ្ធសាស្ត្រយោធាជាប្រវត្តិសាស្ត្រ នៅលើវេទិការបស់គាត់ X (អតីត Twitter) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ លោក Musk បានអះអាងថា មេបញ្ជាការកងទ័ពជើងទឹកអង់គ្លេសនៅសតវត្សទី១៨ និងដើមសតវត្សទី១៩ គឺ “អស្ចារ្យ” ។ លោកក៏បានសរសើរ Arthur Wellesley ដែលជាអ្នកមានឋានៈខ្ពង់ខ្ពស់ទីមួយនៃ Wellington ដែលស្ថិតក្នុងចំណោមមេដឹកនាំយោធា ដែលបានកម្ចាត់អធិរាជបារាំង ណាប៉ូឡេអុង (Napoleon) ក្នុងសមរភូមិ Waterloo ក្នុងឆ្នាំ ១៨១៥ ។

នាយកប្រតិបត្តិ SpaceX និង Tesla រូបនេះបានសរសេរថា “ជាធម្មតា Wellington ត្រូវបានគេវាយតម្លៃទាប។ មិនមែននៅកម្រិតណាប៉ូឡេអុងទេ ប៉ុន្តែនៅតែជាឧត្តមសេនីយឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ” ។

ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក មានអ្នកប្រើប្រាស់ម្នាក់ បានស្នើថា ណាប៉ូឡេអុងពិតជា “មិនឆ្លាតណាស់ណានោះទេ” នៅពេលដែលគាត់បានចាប់ផ្តើមយុទ្ធនាការ ប្រឆាំងរុស្ស៊ីដែលបរាជ័យ របស់គាត់នៅឆ្នាំ ១៨១២ ។

លោក Musk ហាក់​ដូចជា​យល់​ស្រប​នឹង​ការ​យល់​ឃើញ​នោះ ដោយ​បាន​ឆ្លើយ​ថា៖ «កុំ​ឈ្លានពាន​រុស្ស៊ី។ វា​មិន​ដែល​ជា​គំនិត​ល្អ​ឡើយ»។

កងទ័ពបារាំងដែលត្រូវ បានគេចាត់ទុកថា មិនអាចចាញ់បាននៅពេលនោះគឺបានឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ីនៅចុងខែមិថុនាឆ្នាំ ១៨១២ ហើយបានរុលទៅមុខយ៉ាងលឿន ចូលទីក្រុងម៉ូស្គូនៅពាក់កណ្តាលខែកញ្ញា ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក កងកម្លាំងរបស់ណាប៉ូឡេអុង អាចត្រឹមតែដកថយបានប៉ុណ្ណោះ ដោយត្រូវបានបណ្តេញចេញពីប្រទេសរុស្ស៊ីនៅចុងឆ្នាំ និងទទួលរងការខាតបង់ទ័ព ដែលគេបានប៉ាន់ស្មានពី ៤០ម៉ឺនាក់ ទៅ ៥០ម៉ឺននាក់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top