បរទេស៖កាសែត Daily Record បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលស្កុតឡេនបានបដិសេធមិនផ្តល់ប្រាក់ចំនួន១០លានផោនឬជិត១៣លានដុល្លារ ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយពួកគេបំពេញការចំណាយលើការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនឡើយ។
លើសពីនេះ ក្រុមមន្ត្រីបាននិយាយថា ពួកគេអាចនឹងសម្រេចដកបុគ្គលិកចេញពីសណ្ឋាគារ ដែលបានស្នាក់នៅជនភៀសខ្លួនអ៊ុយក្រែន ដោយចំណាយរបស់រដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ។
ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់លោក Mark Griffin បាននិយាយថាការសម្រេចចិត្តមិនបន្តការផ្តល់មូលនិធិនឹងក្លាយជាការក្បត់ សម្រាប់គណបក្សជាតិស្កុតឡេន (SNP) ដែលកំពុងកាន់អំណាច ប្រសិនបើខ្លួនបរាជ័យក្នុងការ ធ្វើតាមសន្យារបស់ខ្លួនកន្លងមកក្នុងការការគាំទ្រអ៊ុយក្រែន។
គួរឲ្យដឹងដែរថាលេខាធិការផ្នែកយុត្តិធម៌សង្គម Shirley-Anne Somerville បាននិយាយកាលពីខែធ្នូថា មនុស្សជាង២០០០០ នាក់មកពីអ៊ុយក្រែនបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសតាមរយៈគម្រោង ការឧបត្ថម្ភធំរបស់ស្កុតឡេន៕
ប្រែសម្រួល៖ស៊ុនលី