ព័ត៌មានអន្តរជាតិ

ខេត្ត Ishikawa របស់ជប៉ុន ប្រកាសដាក់ក្នុងភាពអាសន្ន ខណៈការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី បន្ដកើនឡើង

Xinhua

តូក្យូ៖ ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បានប្រកាសភាពអាសន្នបន្ទាប់ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ដែលបានបណ្តាលឱ្យមនុស្សចំនួន ១២៦នាក់បានស្លាប់នៅក្នុងខេត្តនេះ មកទល់ពេលនេះ ដោយផ្ទះ និងផ្លូវត្រូវបានបំផ្លាញស្ទើទាំងស្រុង។

លោក Hiroshi Hase អភិបាលខេត្ត Ishikawa បានប្រាប់កិច្ចប្រជុំទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយថា ខេត្តបានប្រកាសភាពអាសន្នក្នុងការឆ្លើយតបទៅនឹងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីការរញ្ជួយដី។

ជាពិសេស អភិបាលខេត្តកំពុងជំរុញវិធានការ ដូចជាការបញ្ជូនមន្ត្រីទៅកាន់តំបន់រងគ្រោះខ្លាំងដោយគ្រោះមហន្តរាយ និងការបង្កើនចំនួនបុគ្គលិក ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលទំនាក់ទំនងជាមួយអាជ្ញាធរជាតិ និងមូលដ្ឋាន ដោយបានកត់សម្គាល់អភិបាលខេត្ត អំពាវនាវឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងសាងសង់ឡើងវិញ។

នៅថ្ងៃទី៦ នៃការរញ្ជួយដីកាលពីថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១២៦នាក់នៅក្នុងខេត្តនេះ។ វាជាលើកដំបូងចាប់តាំងពីការរញ្ជួយដី Kumamoto ឆ្នាំ២០១៦ ដែលបានឆក់យកជីវិតមនុស្ស ២៧៦នាក់ ដែលប្រទេសជប៉ុន បានឃើញអ្នកស្លាប់ និងរបួសជាង ១០០នាក់ដោយសារតែការរញ្ជួយដី រួមទាំងអ្នកស្លាប់ ដែលពាក់ព័ន្ធផងដែរ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុ។

យោងតាមការប៉ាន់ប្រមាណចុងក្រោយពីអាជ្ញាធរព័ត៌មានភូមិសាស្ត្របានឱ្យដឹងថា ផ្ទៃដីប្រហែល ៤៨,០០០ម៉ែត្រការ៉េ ស្មើនឹងទំហំទីលានបាល់ទាត់ចំនួន ៤,៥ ត្រូវបានបំផ្លាញនៅជិតផ្សារព្រឹកដ៏ល្បីមួយនៅកណ្តាលទីក្រុងវ៉ាជីម៉ា បន្ទាប់ពីមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅអំឡុងពេលមានរញ្ជួយដី។

ទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថា យ៉ាងហោចណាស់អគារលំនៅដ្ឋានចំនួន ៣៦៥ ត្រូវបានបំផ្លាញទាំងស្រុង ឬដោយផ្នែកដោយការរញ្ជួយដីនៅ Ishikawa ហើយប្រហែល ១៥០ អគារដែលមិនមែនជាលំនៅដ្ឋាន រួមទាំងអគារសាធារណៈក៏បានរងការខូចខាតផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top