តូក្យូ៖ ផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលត្រូវបានបិទចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តហោះរបស់យន្ដហោះឆ្នាំឆ្នេរសមុទ្រជប៉ុន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃចន្ទនេះ។
ការបិទផ្លូវរតផ្នេក C ដែលជាផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ចំនួន៤ នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី០២ ខែមករា បាននាំឱ្យមានការលុបចោលជើងហោះហើរជាង ១២០០ ដែលប៉ះពាល់ដល់អ្នកដំណើរជាង ២០ម៉ឺន នាក់ក្នុងរដូវវិស្សមកាលឆ្នាំថ្មី។
ផ្លូវរត់ត្រូវបានបើកឡើងវិញបន្ទាប់ពីការយកចេញនៃបំណែកយន្តហោះដឹកអ្នកដំណើរ និងការបញ្ចប់ការជួសជុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប៉ះទង្គិចគ្នាកាលពីល្ងាចថ្ងៃអង្គារ បាននាំឱ្យមានការបិទជាបណ្តោះអាសន្ននូវផ្លូវរត់ទាំងបួននៅអាកាសយានដ្ឋាន Haneda ដែលជាច្រកសំខាន់ សម្រាប់អ្នកធ្វើដំណើរក្រៅប្រទេស ដែលអាចចូលទៅដល់កណ្តាលទីក្រុងតូក្យូ។ ផ្លូវរត់ ៣ខ្សែផ្សេងទៀតត្រូវបានបើកឡើងវិញនៅយប់នោះ។
មនុស្ស ៥នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រ Bombardier DHC8-300 ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាខណៈមនុស្ស ៣៧៩ នាក់នៅលើយន្តហោះ JAL Airbus A350 បានរត់គេចខ្លួនដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា