ព័ត៌មានអន្តរជាតិ

ការស្វែងរកនៅតែបន្ត នៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី នៅកណ្តាលប្រទេសជប៉ុន ចំពេលកំពុងមានភ្លៀងធ្លាក់

រូបភាពពី៖​ Kyodo

តូក្យូ៖ ប្រតិបត្តិការស្វែងរក និងសង្គ្រោះបានបន្តកាលពីថ្ងៃអាទិត្យក្រោមមេឃភ្លៀងរយៈពេល ៦ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ នៅកណ្តាលប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទៅដល់សហគមន៍ ដែលដាច់ដោយផ្លូវថ្នល់ដាច់។

ប្រភពព័ត៌មានពីខេត្ត Ishikawa បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារនៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានកើនឡើងដល់ ១២៨ នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្ស ១៩៥ នាក់នៅតែមិនទាន់រាប់បញ្ចូល។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់រដ្ឋមន្ត្រីពាក់ព័ន្ធក្នុងអំឡុងពេលកិច្ចប្រជុំនៃទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយ ដើម្បីស្តារលទ្ធភាពចូលទៅកាន់សហគមន៍ដាច់ស្រយាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយជួសជុលផ្លូវ ដែលខូច ជួយសង្គ្រោះមនុស្សដោយឧទ្ធម្ភាគចក្រ និងការដឹកជញ្ជូនទំនិញសង្គ្រោះដោយថ្មើរជើង ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត។

រដ្ឋាភិបាល​ខេត្ត​បាន​បង្ហើប​ឱ្យ​ដឹង​ថា មនុស្ស​ប្រហែល ២,៣០០ នាក់​ក្នុង​ខេត្ត​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ឯកោ​ជា​ចម្បង​ដោយ​សារ​តែ​ផ្លូវ​ដែល​បាន​កាត់​ផ្តាច់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា ការខ្វះខាតទឹកនៅក្នុងតំបន់រងគ្រោះដោយគ្រោះមហន្តរាយគឺជាបញ្ហាធ្ងន់ធ្ងរ ដោយស្នើឱ្យរដ្ឋមន្ត្រីប្រមូលរថយន្តទឹកឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ប្រជាជននៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top