ព័ត៌មានអន្តរជាតិ

សមាជិកសភា បក្សកាន់អំណាចជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួន ជុំវិញរឿងអាស្រូវមូលនិធិ

Kyodo

តូក្យូ៖ សមាជិកសភាម្នាក់ មកពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹង រឿងអាស្រូវនៃការរៃអង្គាស ប្រាក់ផ្នែកនយោបាយ ដែលបានលុកលុយគណបក្ស មកដល់បច្ចុប្បន្ននេះ។

ព្រះរាជអាជ្ញាសង្ស័យ Yoshitaka Ikeda សមាជិកសភាតំណាង បានទទួលប្រាក់សរុបចំនួន ៤៨,២៦ លានយ៉េន (៣៣៣,០០០ដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ២០២២ ពីមូលនិធិដែលបង្កើតឡើង ដោយបក្សពួកដែលធ្លាប់ដឹកនាំ ដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ។

លេខាធិការគោលនយោបាយរបស់លោក គឺលោក Kazuhiro Kakinuma អាយុ ៤៥ ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​មិន​បាន​ប្រកាស​ប្រាក់​ដែលលោក​ Ikeda ទទួល​បាន​ក្នុង​របាយការណ៍​រៃអង្គាស​ប្រាក់​នយោបាយ។

ក្នុងការឆ្លើយតបទៅ នឹងការចាប់ខ្លួនលោក Ikeda នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយ​ថាលោកបានយកចិត្ដទុកដាក់ លើហេតុការណ៍នេះយ៉ាងធ្ងន់ធ្ងរ។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា “យើងជាគណបក្សមួយគួរតែមានអារម្មណ៍ខ្លាំងនៃវិបត្តិ និងស្ដារការជឿទុកចិត្ត របស់សាធារណៈជនក្នុងនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អគ្គលេខាធិការ LDP លោក Toshimitsu Motegi បានឲ្យដឹងផងដែរថា គណបក្សបានសម្រេចចិត្តបណ្តេញលោក Ikeda ចេញពីសមាជិកភាពរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top