បេរ៉ូត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រុម Hezbollah បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន និងសមាជិកម្នាក់ទៀតនៃក្រុមយោធាស៊ីអ៊ីត ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល ដែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ។
ក្រុមយោធាបានឲ្យដឹងថា លោក Wissam Hassan Tawil មេបញ្ជាការជាន់ខ្ពស់មកពីកងកម្លាំង Radwan វរជនរបស់ក្រុមHezbollah ត្រូវបានសម្លាប់ រួមជាមួយលោក Adham Cherri នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលកាលពីព្រឹកមិញនេះ ។
ការប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងលីបង់ និងអ៊ីស្រាអ៊ែល កាន់តែតានតឹងហើយនៅថ្ងៃចន្ទនេះ ដោយអ៊ីស្រាអ៊ែលបានកំណត់គោលដៅលើភូមិមួយចំនួនរបស់លីបង់ ដែលរួមមាន Marwahin និង Aita al-Shaab ហើយនៅក្នុងពេលជាមួយគ្នានេះដែរ ក្រុម Hezbollah បានប្រកាសថា យុទ្ធជនរបស់ខ្លួនវាយលុកបន្ទាយ Ya’ara របស់អ៊ីស្រាអ៊ែល ។
ព្រំដែនលីបង់ និងអ៊ីស្រាអ៊ែល ត្រួវបានមើលឃើញពីភាពតានតឹងកើនឡើងចាប់តាំងពីថ្ងៃទី៨ ខែតុលា ក្រោយពីក្រុម Hezbollah បានបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅអ៊ីស្រាអ៊ែល ដើម្បីគាំទ្រការវាយប្រហាររបស់ក្រុមហាម៉ាស់មកលើអ៊ីស្រាអ៊ែលកាលពីថ្ងៃមុន ដែលជំរុញឱ្យអ៊ីស្រាអ៊ែល ឆ្លើយតបវិញដោយធ្វើការបាញ់កាំភ្លើងធំទៅកាន់ភាគអាគ្នេយ៍នៃប្រទេសលីបង់ ។
យោងតាមប្រភពសន្តិសុខលីបង់បានឲ្យដឹងថា ចំពោះការប្រឈមមុខដាក់គ្នារវាងក្រុម Hezbollah និងអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សអស់២០៩នាក់នៅក្នុងប្រទេសលីបង់ រួមទាំងសមាជិកក្រុម Hezbollah ចំនួន១៥៤នាក់ និងជនស៊ីវិលចំនួន៣៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា