ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា យ៉ាងហោចណាស់ប៉ូលិស៦ នាក់បានស្លាប់ និងចំនួន២២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលមានការបំផ្ទុះមួយបានកើតឡើងនៅជិតរថយន្តប៉ូលិសនៅក្នុងខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ ។
មន្ត្រីប៉ូលិសស្រុក Bajaur Kashif Zulfiqar បានប្រាប់ដល់ Xinhua ថា ប៉ូលiសកំពុងធ្វើដំណើរដើម្បីផ្តល់សន្តិសុខសម្រាប់យុទ្ធនាការប្រឆាំងជំងឺគ្រុនស្វិតដៃជើង នៅគ្រាដែលមានការបំផ្ទុះបានកើតឡើងនៅក្នុងតំបន់ Mamund នៃស្រុក Bajaur នៃខេត្តខាងលើ ។
លោកបានមានលើកឡើងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈដែលប៉ូលិសយ៉ាងហោចណាស់៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបានឲ្យដឹងទៀតថា មន្ត្រីប៉ូលិសត្រូវបានគេកំណត់គោលដៅជាមួយនឹងអាវុធជាតិផ្ទុះដែលបង្កប់នៅចិញ្ចើមផ្លូវ ។
គេបានដឹងថា នៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនស្វិតដៃជើងទូទាំងប្រទេសរយៈពេល១សប្តាហ៍ដើម្បីចាក់វ៉ាក់សាំងលើកុមារជាង៤២លាននាក់ដែលមានអាយុចាប់ពី៥ឆ្នាំឡើង ។
មន្ត្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា អ្នករងគ្រោះទាំងអស់ជាមន្ត្រីប៉ូលិស ។ លោកបានលើកឡើងបន្តទៀតថា យ៉ាងហោចណាស់សមត្ថកិច្ចដែលរងរបួសធ្ងន់គឺមានចំនួន១០នាក់កំពុងត្រូវបានបញ្ជូនទៅក្រុង Peshawar ដែលនៅជិតខាងដើម្បីព្យាបាលរបួសឱ្យបានជាសះស្បើយឡើងវិញ ។
ប៉ូលិស និងក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយពីមានការផ្ទុះឡើង ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ។ យោងតាមប្រភពផ្លូវការបានឱ្យដឹងថា ស្ថានភាពអាសន្នក៏ត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យនៅក្នុងស្រុកផងដែរ ។
ប៉ូលិសបានបើកការស៊ើបអង្កេតទៅលើហេតុការណ៍នេះដើម្បីចាប់ខ្លួនពិរុទ្ធជនយកមកផ្តន្ទាទោស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា