ព័ត៌មានអន្តរជាតិ

បទវិភាគ៖ មិនថា ភាគីអាមេរិក ផ្តល់អាវុធប៉ុន្មានដល់តៃវ៉ាន់ក៏ដោយ ក៏សុទ្ធតែមិនអាចរារាំងដំណើរការប្រវត្តិសាស្ត្រ បង្រួបបង្រួមជាតិរបស់ប្រទេសចិន បានឡើយ

ថ្ងៃទី៧ខែមករា ក្រសួងការបរទេសចិនបានប្រកាសថា យោងតាម《ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន》 ប្រទេសចិននឹងដាក់ទណ្ឌកម្មលើសហគ្រាសឧស្សាហកម្មយោធាអាមេរិកចំនួន៥។

វិធានការតបតវិញនេះ គឺសំដៅចំពោះភាគីអាមេរិក ដែលបានដាក់ចេញនូវការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ជុំថ្មីនិងដាក់ទណ្ឌកម្មទៅលើសហគ្រាសនិងបុគ្គលចិនក្រោមលេសគ្រប់បែបយ៉ាង ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះមនុស្សមួយចំនួនរបស់ភាគីអាមេរិកដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។
បើមើលពីបញ្ជីឈ្មោះជាក់ស្តែងអាចឃើញថា សហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកចំនួន៥ដែលត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសចិនគឺ៖ ក្រុមហ៊ុនBAE SystemsLand andArmament ក្រុមហ៊ុនAlliant Techsystems Operation ក្រុមហ៊ុន AeroVironment ក្រុងហ៊ុនViaSatនិងក្រុមហ៊ុនData Link Solutions។

យោងតាមអ្នកជំនាញពាក់ព័ន្ធទម្លាយឱ្យដឹងថា សហគ្រាសឧស្សាហកម្មយោធាទាំង៥នេះសុទ្ធតែបានចូលរួមក្នុងគម្រោងថ្មីបំផុតសម្រាប់ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់របស់អាមេរិក ។ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២៣ ក្រសួងការពារជាតិអាមេរិកបានប្រកាសអនុម័តលើការលក់គ្រឿងបរិក្ខារក្នុងតម្លៃ៣រយលានដុល្លារអាមេរិកទៅឱ្យតំបន់តៃវ៉ាន់ប្រទេសចិន។

នេះជាការលក់សព្វាវុធទៅឱ្យតៃវ៉ាន់លើកទី១២របស់ភាគីអាមេរិក ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអណត្តិនេះឡើងកាន់អំណាចមក។ ទង្វើរបស់ភាគីអាមេរិកបានល្មើសនឹងគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចំនួនបីរវាងចិននិងអាមេរិក ជាពិសេសគឺការកំណត់នៃសេចក្តីប្រកាសថ្ងៃទី១៧សីហា ហើយក៏បំពានកិច្ចសន្យានយោបាយដែលមេដឹកនាំអាមេរិកបានធ្វើនៅក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូផងដែរ។វាបង្ហាញជាថ្មីម្តងទៀតថា មនុស្សមួយចំនួននៃភាគីអាមេរិកនិយាយផ្សេងធ្វើផ្សឹង និងមិនគោរពតាមពាក្យសន្យារបស់ខ្លួនលើបញ្ហាតៃវ៉ាន់។

អ្នកដែលប្រលែងជាមួយភ្លើងពិតជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ភាគីចិនបានចេញសេចក្តីថ្លែងការណ៍ជាច្រើនដងថា បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ជាមូលដ្ឋាននយោបាយសំខាន់បំផុតនៃទំនាក់ទំនងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមចម្បងនៃទំនាក់ទំនងចិននិងអាមេរិកដែលមិនអាចបំពានបាន។

លើកនេះវិធានការដាក់ទណ្ឌកម្មដែលភាគីចិនបានប្រកាសរួមមាន៖ បង្កកចលនវត្ថុ អចលនទ្រព្យនិងទ្រព្យសម្បត្តិប្រភេទដទៃទៀតរបស់សហគ្រាសពាក់ព័ន្ធនៅក្នុងប្រទេសចិន ហាមឃាត់អង្គការនិងបុគ្គលក្នុងដែនចិនមិនឱ្យធ្វើសកម្មភាពដូចជាការលក់ដូរនិងកិច្ចសហប្រតិបត្តិការជាមួយពួកគេជាដើម។

ទាក់ទិននឹងការតបតវិញរបស់ភាគីចិនលើកនេះ អ្នកជំនាញពាក់ព័ន្ធបានវិភាគថា ភាគីអាមេរិកទទូចចង់”លេងសន្លឹកបៀតៃវ៉ាន់”ជាមុន ហើយភាគីចិនតបតវិញតាមក្រោយ វាគឺជាទង្វើស្របច្បាប់ សមហេតុផល ចំគោលដៅនិងខ្លាំងក្លា។សហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកទាំង៥ដែលត្រូវបានដាក់ទណ្ឌកម្មលើកនេះ គឺមានគម្រោងសហប្រតិបត្តិការក្នុងប្រទេសចិនជាទូទៅ។ បើប្រៀបធៀបនឹងប្រាក់ចំណេញពីការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេជាមួយប្រទេសចិនគឺមានប្រាក់ចំណេញច្រើនជាង។

ការដាក់ទណ្ឌកម្មដោយចំគោលដៅជាបន្តបន្ទាប់របស់ប្រទេសចិន បានវាយចំ”ចំណុចឈឺ”របស់ពួកគេ។ លើសពីនេះទៀត ស្រមពេលដែលសព្វាវុធរបស់អាមេរិកត្រូវបានប្រគល់ឱ្យតៃវ៉ាន់ជាបណ្តើរៗ ពេលវេលានៃការប្រកាសវិធានការតបតវិញរបស់ភាគីចិនក៏មានភាពត្រឹមត្រូវផងដែរ។ ប្រសិនបើអាមេរិកនិងតៃវ៉ាន់បន្តឃុបឃិតគ្នាខាងយោធានោះ ភាគីចិនមិនច្រានចោលលទ្ធភាពដែលដាក់ចេញនូវវិធានការតបតវិញកាន់តែតឹងរ៉ឹងបន្ថែមទៀត។

ភាគីចិន បានបង្ហាញយ៉ាងច្បាស់លាស់ទៅកាន់មនុស្សមួយចំនួនរបស់អាមេរិក នូវឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី តាមរយៈបញ្ជីដាក់ទណ្ឌកម្មនេះ ។ ការពិតនឹងបញ្ជាក់ថា មិនថាភាគីអាមេរិកផ្តល់អាវុធប៉ុន្មានដល់តៃវ៉ាន់ក៏ដោយ ក៏សុទ្ធតែមិនអាចរារាំងដំណើរការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top