ព័ត៌មានអន្តរជាតិ

ជប៉ុន ប្ដេជ្ញាគាំទ្រ ផែនការសន្ដិភាព អ៊ុយក្រែន

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានប្រាប់ប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ជប៉ុននឹងគាំទ្រផែនការសន្តិភាព ដែលបានស្នើឡើង របស់អ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី។

លោកស្រី Kamikawa បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយលោក ហ្សេឡិនស្គី ក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុន នឹងធ្វើជាសហប្រធានក្រុមការងារ ស្តីពីសុវត្ថិភាពវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលជាចំណុចមួយក្នុងចំណោម ១០ ចំណុចនៅក្នុង “រូបមន្តសន្តិភាព” របស់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្ត ។

ផែនការ​នេះ​ក៏​រួម​បញ្ចូល​ទាំង ​ការ​ដក​ទ័ព​រុស្ស៊ី​ទាំង​អស់​ជា​បន្ទាន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកស្រី Kamikawa ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ក្នុងអំឡុងពេល ដំណើរទស្សនកិច្ច ដែលមិនមានការប្រកាស របស់លោកស្រី ទៅកាន់អ៊ុយក្រែន ហើយបានប្រាប់លោកថា ប្រទេសជប៉ុនកំពុង ធ្វើការលើ ឯកសារទាក់ទងនឹងកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណង ឱ្យពួកគេចុះហត្ថលេខានៅក្នុងសន្និសីទ នៅទីក្រុងតូក្យូនៅថ្ងៃទី១៩ ខែកុម្ភៈ ​។

សន្និសីទដែលនឹងធ្វើជាម្ចាស់ផ្ទះ ដោយប្រទេសជប៉ុន និងអ៊ុយក្រែននឹងពិភាក្សាអំពីការ កសាងឡើងវិញនៃអ៊ុយក្រែន ដែលបានទទួលរងការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានពេញលេញ របស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំ២០២២។ ក្នុងអំឡុងពេលធ្វើដំណើររបស់លោកស្រី Kamikawa ក៏បានជួបជាមួយសមភាគីអ៊ុយក្រែន របស់លោកស្រី Dmytro Kuleba ផងដែរ ។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងខែមីនា ខណៈដែលអ្នកកាន់តំណែង មុនរបស់លោកស្រី Kamikawa គឺលោក Yoshimasa Hayashi បានមកទស្សនកិច្ច ប្រទេសកាលពីខែកញ្ញា៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top