ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា អ៊ីស្រាអែល នឹងមិនបន្តកាន់កាប់តំបន់ ហ្គាហ្សានោះទេ

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល “គ្មានចេតនា” ក្នុងការរក្សាការកាន់កាប់ តំបន់ហ្គាហ្សា ឬការផ្លាស់ទីលំនៅជនស៊ីវិលនោះទេ។

លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់មួយថ្ងៃមុន ការបើកសវនាការនៅតុលាការ យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ទាក់ទងនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោកបានលើកឡើង​ថា “​ខ្ញុំ​ចង់​បញ្ជាក់​ចំណុច​មួយ​ចំនួន​ឱ្យ​ច្បាស់​ណាស់ អ៊ីស្រាអែល ​មិន​មាន​ចេតនា​កាន់កាប់​តំបន់​ហ្គាហ្សា​ជា​អចិន្ត្រៃយ៍ ​ឬ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ស៊ីវិល​របស់​ខ្លួន​នោះ​ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺសំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស “មិនមែនប្រជាជនប៉ាឡេស្ទីននោះទេ ហើយយើងកំពុងធ្វើដូច្នេះដោយអនុលោមតាមច្បាប់អន្តរជាតិ”។

លោកបន្ថែមថា “កងទ័ពអ៊ីស្រាអែល ​កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការស្លាប់ និងរបួសជនស៊ីវិលជាអប្បបរមា ខណៈដែលក្រុមហាម៉ាស កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រីកពួកគេជាអតិបរមា ដោយប្រើជនស៊ីវិលប៉ាឡេស្ទីន ជាខែលការពារមនុស្ស”។

លោក​បានបញ្ជាក់បន្ថែម​ថា​ “​គោលដៅ​របស់​យើង ​គឺ​ដើម្បី​កម្ចាត់​ក្រុម​ភេរវករ​ហាម៉ាស ​នៅតំបន់​ហ្គាហ្សា និង​ដោះលែង​ចំណាប់ខ្មាំង​របស់​យើង”។ ចាប់តាំងពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា មនុស្សប្រហែល ១,២០០ នាក់ក្នុងប្រទេសអ៊ីស្រាអែល រួមទាំងជនស៊ីវិលចំនួន ៧៩០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកដំបូងខណៈ ដែលយុទ្ធជនហាម៉ារាប់រយនាក់ និងពលរដ្ឋហ្គាហ្សា បានវាយឆ្មក់សហគមន៍ភាគខាងត្បូង។ ក្រុមហាម៉ាស់បានចាប់មនុស្ស ២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ដោយមនុស្ស ១៣២នាក់នៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top