បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សេតវិមានគាំទ្រ គំនិត នៃការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើង ពីអនុស្សរណៈរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ឬហៅកាត់ថាNSC។
ប្រភពដដែលបានសរសេរទៀតថា NSC ដែលជាវេទិកាចម្បងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់ការពិចារណា លើបញ្ហាសន្តិសុខជាតិ យោធា និងគោលនយោបាយការបរទេស បានបញ្ជូនឯកសារនេះទៅគណៈកម្មាធិការ ទំនាក់ទំនងការបរទេសព្រឹទ្ធសភា នៅក្នុងខែវិច្ឆិការួចទៅហើយ។
យោងតាមអនុស្សរណៈនេះ រដ្ឋបាលលោក Biden គាំទ្រជាគោលការណ៍ ការអនុម័ត ដែល នឹងផ្តល់សិទ្ធិអំណាច ចាំបាច់សម្រាប់ស្ថាប័ន ប្រតិបត្តិក្នុងការរឹបអូសទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់រុស្ស៊ី ដើម្បីផលប្រយោជន៍ អ៊ុយក្រែន។
គួរឲ្យដឹងដែរថា បើយោងតាមការគណនាមូលនិធិរុស្ស៊ី ដែលមានតម្លៃ សរុបប្រហែលជា ៣០០ ពាន់លានដុល្លារ នៅតែជាប់គាំងនៅក្នុងបណ្តាប្រទេស លោកខាងលិច ដែលក្នុងនោះមានប្រមាណជាង ២០០ ពាន់លានដុល្លារ ត្រូវបានកាន់កាប់ ដោយសហភាពអឺរ៉ុប និងក្រៅពីនោះដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									