បរទេស៖ កុមារជិត ៣០០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន កាលពីឆ្នាំមុន កើនឡើង ១៧ភាគរយ ធៀបនឹងឆ្នាំមុន និងជាចំនួនខ្ពស់បំផុត ដែលបានកត់ត្រាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាម Mirror Foundation ដែលជាអង្គការមិនមែន រដ្ឋាភិបាលដែលខិតខំប្រឹងប្រែង ក្នុងការជួយស្វែងរកអ្នកបាត់ខ្លួន ។
យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឯកាលុក លោមឆោមកែ ប្រធានមជ្ឈមណ្ឌលព័ត៌មានអ្នកបាត់ខ្លួនរបស់មូលនិធិ Mirror Foundation បាននិយាយថា កុមារចំនួន ២៩៦ នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនហើយរហូតដល់ ៥៨ភាគរយ ឬ ១៧២ នាក់បានរត់ចេញពីផ្ទះដោយសារតែកត្តាផ្សេងៗរួមទាំងការញៀនហ្គេមនិងបញ្ហាគ្រួសារផ្សេងទៀត។
លោក ឯកាលុក បានបន្តថា ១៩ភាគរយ នៃករណីផ្សេងទៀតត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិការភាពបញ្ញា ខណៈពេលដែលកុមារ ៥ នាក់ត្រូវបានចាប់ពង្រត់ដោយអ្នករកស៊ីផ្លូវភេទ។
កុមារដែលមានអាយុចន្លោះពី ១១ឆ្នាំ ទៅ ១៥ ឆ្នាំ បានបង្ហាញថា ជាជនងាយរងគ្រោះបំផុត ដោយសារតែមានមនុស្សរហូតដល់ ១៣៨ នាក់ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនក្នុងឆ្នាំ ២០២៣ ស្ថិតក្នុងអាយុនេះ។ កុមារនៅក្នុងក្រុមអាយុនេះក៏មានទំនោរខ្ពស់ក្នុងការរត់ចេញពីក្រុមគ្រួសាររបស់ពួកគេ ដើម្បីស្នាក់នៅជាមួយមិត្តភក្តិ ឬជាមួយនរណាម្នាក់ដែលពួកគេបានជួបតាមអ៊ីនធឺណិត។
ដោយសារពួកគេនៅក្មេងពេក ក្នុងការការពារខ្លួន អ្នករត់ចេញពីផ្ទះទាំងនេះច្រើនតែត្រូវបានគេរំលោភបំពានផ្លូវភេទ ឬក៏ប្រើជាពលកម្មកុមារ។
របាយការណ៍ក៏បានគូសបញ្ជាក់ ពីករណីបាត់ខ្លួនចំនួន ៦២ ករណីនៃកុមារអាយុក្រោម ១០ ឆ្នាំ និង ៩៦ ករណីផ្សេងទៀតពាក់ព័ន្ធនឹង ក្មេងជំទង់ដែលមានអាយុពី ១៦ឆ្នាំ ទៅ ១៨ ឆ្នាំ។
ករណីចាប់ជំរិតកុមារមួយករណី កាលពីឆ្នាំមុនត្រូវបានបង្ហាញដោយការិយាល័យប៉ូលីសក្រុងបាងកក ។ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ត្រូវបានចាប់ពង្រត់ដោយបុរសម្នាក់ ដែលផ្តល់បង្អែមលោមឱ្យទៅជាមួយហើយ បន្ទាប់មកបង្ខំឱ្យគាត់ធ្វើការជាអ្នកសុំទានតាមដងផ្លូវ។
ក្រោយមកក្មេងប្រុសរូបនោះត្រូវបានគេជួយសង្គ្រោះ ហើយអ្នកចាប់ពង្រត់ត្រូវបានចាប់ខ្លួន។ បុរសនេះត្រូវបានគេរកឃើញថាធ្លាប់មានការផ្ដន្ទាទោសមុនពីបទល្មើសដូចគ្នា ៕
ប្រែសម្រួលៈ ណៃ តុលា