ព័ត៌មានអន្តរជាតិ

អាមេរិក និងអង់គ្លេស ចាប់ផ្តើមទម្លាក់គ្រាប់បែក នៅក្នុងបហរទេស យេម៉ែន

RT News

បរទេស ៖ អ្នកនាំពាក្យក្រុមឧទ្ទាម ហួធី លោក Abdulsalam Jahaf បាននិយាយ នៅព្រឹកថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារ លើប្រទេសយេម៉ែន ដោយវាយលុកទីក្រុង Sanaa និង Hodeidah ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុងដ៍ មិន​ទាន់​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានជាច្រើនរបស់អង់គ្លេស និងអាមេរិក បានផ្សាយដោយដកស្រង់ ប្រភពអនាមិកនៅខាង ក្នុងសេតវិមាន និង វិមាន 10 Downing Street ថា ការវាយប្រហារមួយគឺ “ជិតមកដល់” នៅល្ងាចថ្ងៃព្រហស្បតិ៍ ។

អ្នកនាំពាក្យក្រុម ឧទ្ទាម ហួធី លោក Abdulsalam Jahaf បាននិយាយនៅលើ X (អតីត Twitter) ថា “ឥឡូវនេះអាមេរិក អង់គ្លេស និងអ៊ីស្រាអែល កំពុងបើកការវាយឆ្មក់លើទីក្រុង Hodeidah, Sanaa, Dhamar និង Saada” ។ «យើង​នឹង​ដាក់ទោសពួក​គេ »។

សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្តីសាក្សីក្នុងតំបន់ថា មានការផ្ទុះយ៉ាងហោចណាស់ចំនួនបីនៅក្នុងទីក្រុង Sanaa។

ត្រូវបានគេស្គាល់ជាផ្លូវការថា Ansar Allah (‘អ្នកគាំទ្រព្រះជាម្ចាស់’) ក្រុម ឧទ្ទាម ហួធី បានប្រកាសសាមគ្គីភាពជាមួយតំបន់ Gaza នៅចុងខែតុលា ដោយប្រតិកម្មទៅនឹងការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ប៉ាឡេស្ទីន។ ចាប់តាំងពីពេលនោះមក ពួកគេបានធ្វើការវាយប្រហារជាង ២០ លើនាវាដឹកជញ្ជូនផ្សេងៗនៅក្នុងសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយតភ្ជាប់អឺរ៉ុប និងអាស៊ី តាមរយៈព្រែកជីកស៊ុយអេ។ ក្រុមហ៊ុនដឹកជញ្ជូនធំៗបានឆ្លើយតបដោយការបញ្ជូនកប៉ាល់របស់ពួកគេឡើងវិញជុំវិញទ្វីបអាហ្រ្វិក ដោយជំរុញឱ្យតម្លៃ និងថ្លៃធានារ៉ាប់រងកើនឡើង។

កាលពីថ្ងៃអង្គារ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានប្រកាសថា កប៉ាល់ និងយន្តហោះរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាង ២០ ក្នុងសមុទ្រក្រហម៕
ប្រែសម្រួលៈ ណៃ តុលា

To Top