ព័ត៌មានអន្តរជាតិ

ធនាគាររបស់ប្លុក BRICS ផ្តល់កំចី ៥០០លានដុល្លារ ដល់រដ្ឋមួយរបស់ប្រទេសឥណ្ឌា

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍ថ្មី BRICS ហៅកាត់ថា NDB បានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងផ្លូវជនបទក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។

មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ក្រោមគំនិតផ្តួចផ្តើម Mukhyamantri Gram Sadak Yojana នេះបើយោងតាមធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដើម្បីកែលម្អការតភ្ជាប់ នៅតំបន់ជនបទនៃប្រទេស។

NDB និយាយថាវានឹងជួយដល់ នាយកដ្ឋានសាងសង់ផ្លូវរបស់រដ្ឋឥណ្ឌា ជាមួយនឹងសម្ភារៈផ្សេងៗដូចជា geosynthetics, geotextiles, geogrids និង lime stabilization ដែលគ្របដណ្តប់លើផ្លូវសរុបប្រវែង ១២០០គីឡូម៉ែត្រដែលជា ផ្លូវប្រើប្រាស់​គ្រប់​អាកាសធាតុ​ ក៏​នឹង​ត្រូវ​សាងសង់​ដោយ​ផ្តោត​លើ​ការ​ការពារ​បរិស្ថាន។

NDB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងគោលបំណងផ្តល់មូលនិធិ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ធនាគារនេះបានបើកជាផ្លូវការ សម្រាប់អាជីវកម្មក្នុងឆ្នាំ២០១៥ ហើយក្រោយមកត្រូវបានចូលរួម ដោយប្រទេសបង់ក្លាដែស អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងអ៊ុយរូហ្គាយខណៈដែលប្រទេស អារ៉ាប៊ីសាអូឌីតក៏កំពុងពិភាក្សា ដើម្បីក្លាយជាសមាជិកផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top