ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ ជប៉ុនចំនួន១គ្រឿង វិលក្បាលមកចុះចតបន្ទាន់ ក្រោយរកឃើញ មានស្នាមប្រេះ នៅផ្នែកកាប៊ីន

Xinhua

តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា យន្តហោះដឹកអ្នកដំណើរ ចំនួន១គ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ដ៏ធំបំផុត របស់ប្រទេសជប៉ុន All Nippon Airways ហៅកាត់ (ANA) បានវិលក្បាលត្រឡប់ ទៅកាន់អាកាសយានដ្ឋាន ដែលបានចេញដំណើររបស់ខ្លួន នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានស្នាមប្រេះ នៅក្នុងបង្អួចកាប៊ីនយន្តហោះ ។

សារព័ត៌មានក្យូដូ បានរាយការណ៍មកថា ជើងហោះហើរ ANA Flight 1182 កំពុងហោះហើរចេញពីទីក្រុង Sapporo ឆ្ពោះទៅកាន់ទីក្រុង Toyama ខណៈដែលនៅម៉ោងប្រហែល ១១និង២០នាទីព្រឹកម៉ោងក្នុងស្រុក មានការប្រេះស្រាំមួយត្រូវបានរកឃើញនៅក្នុងបង្អួចកាប៊ីនយន្តហោះ ។

សារព័ត៌មានក្យូដូ បានចុះផ្សាយថា យន្តហោះ Boeing 737 បានត្រលប់មកវិញ ហើយចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន New Chitose របស់ក្រុង Sapporo នៅម៉ោងប្រហែល១២និង១០យប់ ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានឲ្យដឹងថា ករណីនេះមិនមានបង្ករបួសដល់អ្នកដំណើរ និងសមាជិកនាវិកទាំង ៦៥នាក់នោះ ហើយបានប្តូរជើងហោះហើរថ្មី រួចរាល់ហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top