បរទេស៖ យោងតាមការចេញផ្សាយ RT សាជីវកម្ម McDonald’s កំពុងប្រឈមមុខនឹងការធ្លាក់ចុះ នៃអាជីវកម្មយ៉ាងខ្លាំង នៅក្នុងទីផ្សារមជ្ឈិមបូព៌ាជាច្រើន និងលើសពីនេះ ដោយសារភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង ដែលកើតចេញពីការគាំទ្ររបស់អ៊ីស្រាអែល ចំពេលដែលប្រទេសនេះកំពុងមានសង្រ្គាមជាមួយក្រុមហាម៉ាស។
យោងតាមស្ថិតិរបស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ២២០០០ នាក់បានបាត់បង់ជីវិតពេញមួយការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែល ភាគច្រើនត្រូវបានគេរាយការណ៍ថាជាជនស៊ីវិល។
លោក Chris Kempczinski នាយកប្រតិបត្តិ McDonald’s ថ្មីៗនេះបានលាតត្រដាងថាក្រុមហ៊ុនកំពុងមើលឃើញ ផលប៉ះពាល់អាជីវកម្មដ៏មានអត្ថន័យ បន្ទាប់ពីមានការធ្វើពហិការអតិថិជនយ៉ាងច្រើន ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីប្រតិបត្តិការក្នុងតំបន់ និងពិភពលោករបស់ក្រុមហ៊ុនផលិតអាហាររហ័សមួយនេះ។
ទោះបីជាមានការធ្វើពហិការ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាបន្តបន្ទាប់ក៏ដោយ ទាំង McDonald’s និង Starbucks បានរាយការណ៍ពីតួលេខនៃការលក់ជាសកលជាវិជ្ជមាននៅឡើយដែរដោយក្នុងនោះ McDonald’s បានរាយការណ៍ពីការកើនឡើងជិត១១ភាគរយនៅក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៣ ដែលប្រឆាំងនឹងការរំពឹងទុក នៃការធ្លាក់ចុះគួរឱ្យកត់សម្គាល់៕ ប្រែសម្រួល៖ស៊ុនលី