ព័ត៌មានអន្តរជាតិ

កាសែត New York Times ផ្សាយថា CIA កំពុងប្រមូលព័ត៌មានរបស់មេដឹកនាំ ក្រុមហាម៉ាស ឱ្យអ៊ីស្រាអែល

រូបភាពពី៖​ RT News

បរទេស៖ CIA កំពុងជួយអ៊ីស្រាអែលក្នុងការប្រមូលព័ត៌មានសម្ងាត់លើមន្ត្រីកំពូលៗរបស់ហាម៉ាសសម្រាប់គោលបំណងកំណត់គោលដៅ។ នេះបើតាមអ្វីដែលមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយ​ផ្អែកតាមប្រភពដែលបានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាឱ្យបង្កើតក្រុមការងារផ្តោតលើក្រុមហាម៉ាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល។ អង្គភាពនេះត្រូវបានផ្តោតទាំងស្រុងទៅលើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស។

ក្រុមមន្ត្រីបាននិយាយថា CIA ក៏បានបង្កើនកម្រិតអាទិភាពរបស់ខ្លួនសម្រាប់ក្រុមហាម៉ាស់ពីកម្រិតទី៤ ដល់កម្រិត ២ ផងដែរ ដោយបានបញ្ចេញការផ្តល់មូលនិធិបន្ថែមសម្រាប់ការប្រមូលព័ត៌មានសម្ងាត់នេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារព្រំដែនរបស់ហ្គាហ្សារឹតតែបិទជិតជាងមុនពេលសង្គ្រាម ហើយបណ្តាញទំនាក់ទំនងត្រូវបានរំខានដោយចេតនាដោយអ៊ីស្រាអែល។

កាសែត Times បានទទួលស្គាល់ថា “វានឹងត្រូវការពេលវេលាដើម្បីអភិវឌ្ឍប្រភព [មនុស្ស] ថ្មី” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top