បរទេស៖ រដ្ឋាភិបាល ថៃគ្រោងនឹងណែនាំទិដ្ឋាការពិសេស សម្រាប់ភ្ញៀវទេសចរបរទេស ដែលចង់ទៅលេងប្រទេសថៃដើម្បីហាត់ក្បាច់ប្រដាល់ថៃ។ គម្រោងទិដ្ឋាការនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ដែលចង់ហាត់អាចស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៩០ ថ្ងៃដើម្បីបញ្ចប់វគ្គហាត់របស់ពួកគេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលសម្រាប់ការជំរុញសកម្មភាពទាក់ទងនឹងកីឡា បាននិយាយថា សមាជិកបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ដើម្បីលើកកម្ពស់ Muay Thai ជាផ្នែកមួយនៃអ្វីដែលគេហៅថាអំណាចទន់របស់ប្រទេស។
លោកបាននិយាយថា ជាមួយនឹងទិដ្ឋាការទេសចរណ៍ គឺជនបរទេសអាចស្នាក់នៅក្នុងប្រទេសថៃបានចំនួន ៦០ ថ្ងៃ ប៉ុន្តែជាមួយនឹងទិដ្ឋាការពិសេសសម្រាប់ការរៀន Muay Thai គឺពួកគេអាចស្នាក់នៅបានដល់ទៅ ៩០ ថ្ងៃ។
លោកបានបន្តថា រដ្ឋាភិបាលនឹងកំណត់កម្រិតស្ដង់ដារមួយដើម្បីទទួលបាននៅថ្នាក់រៀន និងក៏ផ្ដល់វិញ្ញាបនបត្រដល់គ្រូ Muay Thai ដូច្នេះសិល្បៈប្រយុទ្ធជាតិអាចត្រូវបានផ្សព្វផ្សាយយ៉ាងត្រឹមត្រូវជុំវិញពិភពលោក។
លើសពីនេះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយ Muay Thai តាមរយៈគេហទំព័រមួយ ដែលជាវេទិកាសម្រាប់ជនបរទេសដែលចាប់អារម្មណ៍លើកីឡា ដើម្បីជ្រើសរើសវគ្គសិក្សាជុំវិញប្រទេសថៃ៕ ប្រែសម្រួលៈ ណៃ តុលា