សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ តិចជាងមួយខែបន្ទាប់ពីប្រទេសបានបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីប ដែលប្រើឥន្ធនៈរឹង។
រដ្ឋាភិបាលជប៉ុនក៏បានឲ្យដឹងផងដែរថា អ្វីដែលទំនងជាកាំជ្រួចផ្លោងត្រូវបានបាញ់ចេញ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងដោយដកស្រង់ព័ត៌មានពីក្រសួងការពារជាតិថា កាំជ្រួចនេះទំនងជាបានធ្លាក់រួចហើយ។
ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុនបានហៅកូរ៉េខាងត្បូងថាជា “សត្រូវចម្បង” របស់ប្រទេសលោក និងជារដ្ឋដែលជា “អរិភាពបំផុត” ចំពោះទីក្រុងព្យុងយ៉ាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសនេះ។
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្ពោះទៅសមុទ្រជប៉ុន ដោយកាំជ្រួចនេះបានបាញ់នៅមុំខ្ពស់៕ ប្រែសម្រួល ឈូក បូរ៉ា