ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​លឿន​ជាង​សំឡេង ​ដែលប្រើ​ឥន្ធនៈ​រឹង​

Kyodo

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងប្រភេទឥន្ធនៈរឹងរយៈចម្ងាយមធ្យម ដែលផ្ទុកក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអាទិត្យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ការធ្វើតេស្តនេះគឺមានគោលបំណង ដើម្បី “ផ្ទៀងផ្ទាត់លក្ខណៈនៃការរអិល និងការហោះហើរ​ នៃកាំជ្រួចបែបនេះ និង ​ភាពអាចជឿជាក់បាននៃម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ពហុដំណាក់កាល ដែលត្រូវបានអភិវឌ្ឍថ្មី” ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅមុននេះបន្តិចថា កូរ៉េខាងជើងបានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមឆ្ពោះទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ ដែលជាការបាញ់បង្ហោះជាលើកដំបូងក្នុងឆ្នាំនេះ។ ប្រភពបានឲ្យដឹងថា កាំជ្រួចនេះត្រូវបានបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ហើយហោះបានប្រហែល ១០០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កាំជ្រួចនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដោយមិនមានការខូចខាតដល់យន្តហោះ ឬនាវានោះទេ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចនេះបានហោះបានចម្ងាយយ៉ាងតិច ៥០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាជាង ៥០ គីឡូម៉ែត្រ។

ប្រភពពី KCNA មិន​បាន​បញ្ជាក់​ពី​ចម្ងាយ​ឬ​រយៈ​កម្ពស់​របស់​កាំជ្រួច​នោះ​ទេ។ កាំជ្រួច​លឿន​ជាង​សំឡេង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង​លើ​គន្លង​មិន​ទៀងទាត់ និង​រយៈ​កម្ពស់​ទាប។ ប្រសិនបើក្រុងព្យុងយ៉ាង ដាក់ពង្រាយអាវុធបែបនេះ វាអាចបង្កការលំបាកដល់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងការស្វែងរក និងស្ទាក់ចាប់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top