ប៉ុន្មានថ្ងៃកន្លងទៅនេះ នាវាដឹកជញ្ជូនខ្នាតធំមួយគ្រឿង ដែលបើកចេញពីកំពង់ផែ Yan Tai ខេត្ត សានតុងប្រទេសចិន បានទាក់ទាញក្រសែចក្ខុ របស់ពិភពលោកទាំងមូល ។ នាវានេះនឹងផ្ទុករថយន្តចំនួន៧ពាន់គ្រឿង នៅកំពង់ផែសិនជិន រួចធ្វើដំណើរឆ្ពោះទៅកាន់អ៊ឺរ៉ប់ ដើម្បីបំពេញ តាមតម្រូវការរបស់ទីផ្សារក្នុងតំបន់ ។ ទីភ្នាក់ងារសារព័ត៌មានAP បានវាយតម្លៃថា ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណនាំចេញរថយន្តរបស់ប្រទេសចិន បានត្រួសត្រាយផ្លូវថ្មី សម្រាប់ឱ្យសហគ្រាសផលិត រថយន្តចិន ធ្វើអាជីវកម្មនៅបរទេស ។
នាពេលបច្ចុប្បន្ននេះ រថយន្តរបស់ចិន បាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួនជាង២រយលើពិភពលោក ។ ទិន្នន័យដែលសមាគម ឧស្សាហកម្មរថយន្ត ប្រទេសចិន ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឱ្យដឹងថា នៅឆ្នាំ២០២៣ បរិមាណផលិតនិងលក់រថយន្ត របស់ចិនសុទ្ធតែ បានលើសពី៣០ លានគ្រឿងជាលើកដំបូង ដែលបានជាប់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ។
ប្រព័ន្ធសារព័ត៌មានជប៉ុន បានផ្សាយដំណឹងឱ្យដឹងថា ប្រការនេះមានន័យថា ចិន បានវ៉ាផ្ដាច់ជប៉ុន ក្លាយជាប្រទេសនាំចេញ រថយន្តធំជាងគេនៅ លើពិភពលោក ។ រីឯប្រព័ន្ធសារព័ត៌មាន បរទេសផ្សេងទៀត ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជាដើមបានសម្គាល់ឃើញថា នេះជាជំហានដ៏សំខាន់មួយ សម្រាប់ឱ្យប្រទេសចិនប្រែក្លាយពី “ប្រទេសធំខាងរថយន្ត” ទៅជា“ប្រទេសខ្លាំងក្លាខាងរថយន្ត” ហើយវាក៏ជានិមិត្តសញ្ញា នៃបម្រែបម្រួលធំនិងសំខាន់ នៃរចនាសម័្ពន្ធឧស្សាហកម្មរថយន្តសកលផងដែរ ។
ហេតុអ្វីបានជារថយន្តចិនបានទទួលប្រជាប្រិយភាពពីពិភពលោក? អ្នកជំនាញពាក់ព័ន្ធបានវិភាគថាទីមួយ គឺដោយមកពីប៉ុន្មានឆ្នាំកន្លងទៅនេះ មុខងារនិងគុណភាព របស់រថយន្តចិនត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ហើយទទួលបានការទទួល ស្គាល់ពីអ្នកប្រើប្រាស់ នៅលើពិភពលោកទាំងមូល ពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាពិសេស គឺរថយន្តម៉ាកសញ្ញា របស់ចិនបានក្តាប់ជាប់កាលានុវត្តភាព របស់រថយន្តថាមពលថ្មី តាមរយៈការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ដែលបានត្រួសត្រាយទីផ្សារបរទេស ថែមមួយកម្រិតទៀត ក៏ដូចជាបានជំរុញដល់ការនាំចេញរថយន្តចិនផងដែរ ។
ខណៈបំពេញទស្សនកិច្ច នៅប្រទេសចិនកាលពីខែតុលាឆ្នាំ២០២៣ លោកGavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិកបានសាកល្បង បើកបររថយន្តថាមពលថ្មីរបស់ចិន ។ បន្ទាប់ពីបានដកបទពិសោធន៍ ពីបច្ចេកវិទ្យាថ្មីៗដូចជា“បើកត្រឡប់ក្រោយ នៅកន្លែងដដែល”ជាដើម លោក Newsom បានលើកមេដៃភ្លាម ដោយអះអាងថា “បច្ចេកវិទ្យានេះ ហួសពីការស្មានរបស់ខ្ញុំ ពួកយើងគួរតែរកមធ្យោបាយ នាំចូលរថយន្តស៊េរីនេះ ទៅកាន់អាមេរិក” ។
ក្រៅពីផលិតផល ដែលមាន គុណភាពល្អនិងតម្លៃថោក ការប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យានិងពន្លឿន ការធ្វើសកលភាវូបនីយកម្ម ក្នុងរយៈពេលយូរ ក៍ជា“វត្ថុទិព្វ” របស់សហគ្រាសចិនផងដែរ ។ ទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិចិនបានបង្ហាញឱ្យឃើញថា សហគ្រាសសំខាន់ៗ ដែលឈរនៅលំដាប់១០លេខខាងមុខក្នុងចំណោមសហគ្រាសផលិតរថយន្តថាមពលថ្មីរបស់ចិន មានប៉ាតង់លើសពី១សែន នៅលើពិភពលោក ព្រមទាំងមាននិន្នាការកើនឡើង យ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ ។
ក្រៅពីនេះ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អពេញលេញបានលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់រថយន្តចិន ។ លោក Cui Dongshu អគ្គលេខាធិការសមាគមព័ត៌មាន ទីផ្សាររថយន្តដឹកអ្នកដំណើរចិន បានវិភាគថា ដោយសាររងឥទ្ធិពល ពីការថមថយចុះនៃសេដ្ឋកិច្ចសកល និងការប៉ះទង្គិច រវាងអ៊ុយក្រែននិងរុស្ស៊ីជាដើម សមត្ថភាពផ្គត់ផ្គង់របស់ពាណិជ្ជករផលិត រថយន្តនៅបរទេសបានធ្លាក់ចុះក្នុងកម្រិតមិនដូចគ្នា ។ រីឯខ្សែសង្វាក់ឧស្សាហកម្ម រថយន្តរបស់ចិន មានភាពល្អពេញលេញ សមត្ថភាពផលិតបានរៀបចំឡើងវិញ យ៉ាងឆាប់រហ័សបន្ទាប់ ពីបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ១៩ ដូច្នេះបានជំរុញដល់ការនាំចេញ ។
ការប៉ាន់ប្រមាណថ្មីបំផុត របស់ធនាគារ UBS បានបង្ហាញថា តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៤ ពាណិជ្ជករផលិតរថយន្តចិន នឹងលក់ចេញរថយន្តចំនួន ៥លានគ្រឿងទៅកាន់បរទេស ក្នុងនោះ ភាគីច្រើនគឺបំពេញ តាមតម្រូវការ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសអាស៊ីអាគ្នេយ៍ជាដើម ។ ប្រការនេះនឹងពង្រឹងឋានៈ របស់ចិនដែលជាប្រទេសនាំចេញរថយន្តធំ ជាងគេនៅលើពិភពលោក ហើយក៏នឹងនាំមកនូវផល ប្រយោជន៍និងកាលានុវត្តភាព កាន់តែច្រើនដល់បណ្តាប្រទេសនានា ផងដែរ ៕ អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន