ព័ត៌មានអន្តរជាតិ

អាមេរិក រំពឹងថា ក្រុមឧទ្ទាម Houthi នឹងបញ្ឈប់ការវាយប្រហារលើនាវា បន្ទាប់ពីការវាយប្រហាររបស់ខ្លួនលើយេម៉ែន

AFP

ម៉ូស្គូ៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកជឿជាក់ថា ការវាយប្រហាររបស់ខ្លួនលើទីតាំងរបស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងភាគខាងជើងប្រទេសយេម៉ែន មានប្រសិទ្ធភាព ហើយអាចធ្វើឱ្យចលនា Shia បញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម។

លោក Kirby បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ CBS News ថា “យើងគិតថាយើងមានឥទ្ធិពលល្អ យើងនឹងឃើញអ្វីដែលកើតឡើង។ ក្រុម Houthis មានជម្រើសដើម្បីធ្វើនៅទីនេះឥឡូវនេះ ហើយជម្រើសត្រឹមត្រូវ គឺបញ្ឈប់ការវាយប្រហារ ដែលមិនប្រុងប្រយ័ត្នទាំងនេះ” ។

លោកក៏បានឲ្យដឹងផងដែរថា ការវាយប្រហាររបស់ក្រុម Houthi លើការដឹកជញ្ជូនតាមសមុទ្រ “មិនមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលនោះទេ” ខណៈដែលកប៉ាល់ប៉ាណាម៉ា ដែលមានទង់ជាតិប៉ាណាម៉ា ជាមួយប្រេងរុស្ស៊ីនៅលើនោះត្រូវបានវាយប្រហារដោយពួកឧទ្ទាមកាលពីថ្ងៃសៅរ៍។

លោក Kirby ក៏បានលើកឡើងផងដែរថា នាវា Navy SEALs ដែលបាត់ខ្លួនចំនួនពីរគ្រឿង ដែលបានធ្លាក់ពីលើនាវានៅឈូងសមុទ្រ Aden នៃឆ្នេរសមុទ្រនៃប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ នៅតែមិនទាន់រកឃើញនៅឡើយ។
នៅព្រឹកថ្ងៃដដែល ប្រភពយោធាមួយបានប្រាប់ Sputnik ថា យោធាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៀតទៅលើទីតាំងរបស់ក្រុម Houthi ។

កាលពីខែវិច្ឆិកា ក្រុម Houthis បានប្រកាសពីចេតនារបស់ពួកគេក្នុងការវាយប្រហារលើនាវាទាំងឡាយណា ដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល ដោយជំរុញឱ្យប្រទេសផ្សេងទៀតប្រមូលនាវិករបស់ពួកគេចេញពីនាវា។ ក្រុម Houthis បានប្តេជ្ញាបន្តការវាយប្រហាររបស់ពួកគេរហូតដល់អ៊ីស្រាអែល បញ្ចប់សកម្មភាពយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីការបង្កើតប្រតិបត្តិការចម្រុះជាតិសាសន៍មួយ ដើម្បីការពារសមុទ្រក្រហម ដោយ​ថា ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សេស្ហែល និងអេស្ប៉ាញ នឹងចូលរួមក្នុង បេសកកម្ម។ ក្រុម Houthis បានប្តេជ្ញាថានឹងវាយប្រហារលើនាវាទាំងឡាយណា ដែលចូលរួមជាមួយក្រុមចម្រុះដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top