បរទេស៖ អ្នករស់នៅទីក្រុងបាងកក ក្នុងប្រទេសថៃ ត្រូវបានគេប្រាប់ឱ្យប្រុងប្រៀបខ្លួនទប់ទល់នឹងការកើនឡើងនៃកម្រិតជាតិពុលដែលជាធាតុល្អិតនៅក្នុងខ្យល់ ដែលអ្នកព្យាករណ៍នៅនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃបាននិយាយថានឹងបន្តកាន់តែអាក្រក់រហូតដល់ថ្ងៃពុធ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យការបំពុល បានជំរុញឱ្យអ្នករស់នៅទីក្រុងបាងកក ធ្វើការពីផ្ទះរហូតដល់ថ្ងៃពុធ ដើម្បីជៀសវាងពីការបំពុលបរិយាកាសដ៏អាក្រក់បំផុតនេះ។
អគ្គនាយកនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃ លោកស្រី Preeyaporn Suwanakate បាននិយាយថា ការកើនឡើងនៃកំហាប់នៃជាតិពុល PM2.5 គឺបណ្តាលមកពីចរន្តខ្យល់មិនល្អនៅក្នុងតំបន់ជាច្រើននៃរាជធានី ដែលបណ្តាលមកពីការរួមបញ្ចូលគ្នានៃសម្ពាធបរិយាកាសទាប និងការផ្លាស់ប្តូរលំនាំខ្យល់នៅក្នុងតំបន់។ កត្តានេះបានបណ្តាលឱ្យមានការកកកុញនៃការបំពុលនៅទូទាំងតំបន់ជាច្រើនក្នុងរាជធានី។
លោកស្រីបន្តថា ខ្យល់បក់ពីភាគខាងត្បូងក្នុងពេលឆាប់ៗនេះ នឹងធ្វើឱ្យមានខ្យល់បក់ពីទិសខាងកើត និងភាគឦសាន ដោយនាំយកការបំពុលពីតំបន់ផ្សេងៗមកកាន់ទីក្រុងបាងកក ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា