កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រកាសថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលដំណើរទស្សនកិច្ចរបស់លោក ក៏ធ្វើឡើងស្របពេលដែល ក្នុងតំបន់នេះកំពុងមានភាពតានតឹងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកស្រី Wong បានឲ្យដឹងថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់រួម ហ្ស៊កដានី អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនដែលកាន់កាប់។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Wong ទៅកាន់មជ្ឈិមបូព៌ាក្នុងនាមជារដ្ឋមន្ត្រីការបរទេស ហើយនឹងធ្វើឱ្យលោកស្រី ក្លាយជាសមាជិកជាន់ខ្ពស់បំផុតនៃរដ្ឋាភិបាលដែលទៅទស្សនកិច្ចក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះដែលកំពុងបន្តនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
លោកស្រី Wong បានបន្ដថា លោកស្រីនឹងជួបជាមួយគ្រួសារអ៊ីស្រាអែលនៃចំណាប់ខ្មាំង និងអ្នករស់រានមានជីវិតពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ក៏ដូចជាតំណាងសហគមន៍ប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយអំពើហិង្សាអ្នកតាំងលំនៅ៕ ប្រែសម្រួល ឈូក បូរ៉ា