តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពល ក្នុងករណីមានឧបទ្ទវហេតុក្នុងពេលដំណាលគ្នានៅក្នុងតំបន់ក្បែរៗរបស់ពួកគេ ជាក់ស្តែងជាមួយនឹងការកើនឡើងនៃការអះអាងដែនសមុទ្ររបស់ប្រទេសចិន។
ប្រភពបានបន្ថែមថា តាមរយៈការពិភាក្សា និងការបង្កើតឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអូស្ត្រាលី ទីក្រុងតូក្យូស្រមៃថានឹងបង្កើតគោលការណ៍ណែនាំកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយទីក្រុងកង់បេរ៉ា ដើម្បីបញ្ជាក់ពីការចែករំលែកតួនាទីរបស់ពួកគេ។
ប្រភពបានឲ្យដឹងថា ការបង្កើនភាពស្មុគ្រស្មាញ និងភាពញឹកញាប់នៃសមយុទ្ធរួមគ្នារវាងកងកម្លាំងទាំងពីរ ក៏ទំនងជាត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាផងដែរ នៅក្នុងសកម្មភាពដែលរំពឹងថា នឹងបង្កើនការរារាំងប្រឆាំងនឹងសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការពិគ្រោះយោបល់កម្រិតការងារត្រូវបានចាប់ផ្តើមដោយផ្អែកលើសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីអូស្ត្រាលីលោក Anthony Albanese នៅពេលដែលពួកគេបានជួបគ្នាក្នុងខែតុលា ឆ្នាំ២០២២ នៅប្រទេសអូស្ត្រាលី៕
ប្រែសម្រួល ឈូក បូរ៉ា