ព័ត៌មានអន្តរជាតិ

ជប៉ុន ​រឹតបន្តឹង​ច្បាប់​ប្រើប្រាស់​ដី ​ក្បែរ​កន្លែង​យោធា​អាមេរិក​ចំនួន​៦

Kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន​ បានបន្ថែមយោធាអាមេរិកចំនួន៦ និងកន្លែងសំខាន់ៗផ្សេងទៀតទៅក្នុងបញ្ជីទីតាំង ដែលការទិញ និងប្រើប្រាស់ដី នៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។

ជាលើកដំបូង មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំង ដែលឥឡូវនេះមានចំនួនសរុប ៣៩៩ ក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី ដែលបានអនុម័តក្នុងឆ្នាំ២០២១។

ទីតាំងចំនួន៦ រួមទាំងឃ្លាំងអាវុធចំនួនពីរនៅក្នុងខេត្ត Hiroshima ស្ថិតក្នុងចំណោមទីតាំងចំនួន ១៨០ ដែលត្រូវបានកំណត់ថ្មីនៅទូទាំង។ ២៥ នៃខេត្តចំនួន ៤៧ របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នេះជាលើកទីបីហើយដែលរដ្ឋាភិបាល បានកំណត់ពីរបៀបដែលដី អាចប្រើប្រាស់បានក្នុងចម្ងាយមួយគីឡូម៉ែត្រនៃទីតាំងដូចជាកន្លែងទាក់ទងនឹងវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាព្រលានយន្តហោះ និងរោងចក្រថាមពល បន្ថែមពីលើកោះដាច់ស្រយាល។ ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបានអំពាវនាវឱ្យមានបទប្បញ្ញត្តិតឹងរ៉ឹងលើការប្រើប្រាស់ដីក៏ដូចជាការទិញដីពីបរទេស។

គណបក្សប្រឆាំងមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីច្បាប់នេះ ដោយ​ថា វាអាចរឹតត្បិតសិទ្ធិពលរដ្ឋ ឬរដ្ឋាភិបាល អាចបំពានវា ដើម្បីគ្រប់គ្រងសកម្មភាពស្របច្បាប់ ដូចជាការប្រមូលផ្តុំគ្នាជុំវិញមូលដ្ឋានយោធាសហរដ្ឋអាមេរិកជាដើម។

ទីតាំងដែលបានកំណត់ថ្មីរួមមានក្រសួងការពារជាតិនៅទីក្រុងតូក្យូ អាកាសយានដ្ឋាន New Chitose នៅហុកកៃដូ និងរោងចក្រថាមពលនុយក្លេអ៊ែរ Ikata នៅខេត្ត Ehime ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top