ព័ត៌មានអន្តរជាតិ

ក្រុម Houthi វាយប្រហារដោយមីស៊ីល ​លើ​នាវា​ពាណិជ្ជកម្ម​របស់​អាមេរិក ​នៅ​ជិត​ប្រទេស​យេម៉ែន

Xinhua

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកមួយគ្រឿង ត្រូវបានវាយប្រហារកាលពីថ្ងៃចន្ទ ដោយមីស៊ីលដែលបាញ់ដោយក្រុម Houthi ពីតំបន់នានាក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធមួយនេះ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) នៅក្នុងការប្រកាសនៅលើ X បានកំណត់អត្តសញ្ញាណកប៉ាល់នោះជា M/V Gibraltar Eagle ដែលជានាវាកុងតឺន័រ ដែលមានទង់ជាតិ Marshall Islands គ្រប់គ្រង និងដំណើរការដោយសហរដ្ឋអាមេរិក។

ប្រភពបានឲ្យដឹងថា “កប៉ាល់មិនបានរាយការណ៍ថា មានរបួស ឬខូចខាតអ្វីធ្ងន់ធ្ងរនោះទេ” ជាលទ្ធផលនៃការវាយប្រហារនៅម៉ោងប្រហែល ៤ រសៀល ដោយបន្ថែមថា កប៉ាល់កំពុងបន្តដំណើររបស់ខ្លួន ទោះបីជាត្រូវបានវាយប្រហារក៏ដោយ។

បញ្ជាការក៏បានឲ្យដឹងផងដែរថា ប្រហែលពីរម៉ោងមុនពេល ការវាយប្រហារមីស៊ីលខាងលើ “កងកម្លាំងសហរដ្ឋអាមេរិក បានរកឃើញកាំជ្រួចប្រឆាំងនាវា ដែលបាញ់ឆ្ពោះទៅរកផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហមភាគខាងត្បូង”។

កាំជ្រួច​នេះ​បាន​បរាជ័យ​ក្នុង​ការ​ហោះ​ហើរ និង​បានធ្លាក់​ដល់​ដី​ក្នុង​ប្រទេស​យេម៉ែន។ មិន​មាន​របាយការណ៍​ណា​មួយ ​រង​របួស​ឬ​ការ​ខូច​ខាត​ឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top