ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអេស្តូនីថា ណាតូមានពេល៥ឆ្នាំ ដើម្បីត្រៀមសម្រាប់ សង្គ្រាមជាមួយរុស្ស៊ី

RT News

បរទេស៖ នាយករដ្ឋមន្ត្រី អេស្តូនី លោកស្រី Kaja Kallas បានប្រាប់កាសែត The Times កាលពីថ្ងៃចន្ទថា អង្គការណាតូមានពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ដែលអាចកើតមានជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានអះអាងថា ទីក្រុងប៊ែកឡាំងកំពុងត្រៀមលក្ខណៈសម្រាប់អរិភាព (សត្រូវ) ជាមួយរុស្ស៊ី ដែលអាល្លឺម៉ង់បានព្យាករណ៍ថា អាចកើតឡើងនៅដើមរដូវក្តៅឆ្នាំ ២០២៥ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការរំពឹងទុកនេះ។

នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kallas បាននិយាយថា សេវាស៊ើបការណ៍សម្ងាត់អេស្តូនី VLA បានព្យាករណ៍ពីរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ដោយកត់សម្គាល់ថា វា “អាស្រ័យយ៉ាងខ្លាំងទៅលើរបៀប ដែលយើងគ្រប់គ្រងឯកភាពរបស់យើង និងរក្សាជំហររបស់យើង ទាក់ទងនឹងអ៊ុយក្រែន” ។

លោកស្រី Kallas បានប្រាប់កាសែតអង់គ្លេសថា “អ្វីដែលរុស្ស៊ីចង់បានគឺការផ្អាក ហើយការផ្អាកនេះគឺដើម្បីប្រមូលធនធាន និងកម្លាំងរបស់ខ្លួន។ ភាពទន់ខ្សោយធ្វើឱ្យមានអ្នកឈ្លានពាន ដូច្នេះភាពទន់ខ្សោយនាំឱ្យរុស្ស៊ីឈ្លានពាន” ។

ក្នុងខែនេះ អតីតរដ្ឋសូវៀត ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី បានសន្យាផ្តល់ជំនួយចំនួន ១,២ ពាន់លានអឺរ៉ូ (១,៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែនរហូតដល់ឆ្នាំ ២០២៧។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelenksy បានធ្វើដំណើរទៅកាន់ប្រទេស អេស្តូនី ក៏ដូចជា ប្រទេស ឡាតវី និងប្រទេស លីទុយអានី ផងដែរ។

រដ្ឋាភិបាលអ៊ុយក្រែនជាច្រើនឆ្នាំមកនេះបានអះអាងថា ការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី គឺជាការការពារអឺរ៉ុប ដោយអះអាងថា វាបានចែករំលែកតម្លៃប្រជាធិបតេយ្យ របស់អ៊ុយក្រែន។

ចំណែកប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ទីក្រុងមូស្គូអាចវាយប្រហារប្រទេសណាតូមួយ បន្ទាប់ពីបានយកឈ្នះអ៊ុយក្រែន នៅពេលដែលលោកបញ្ចូលការគាំទ្រ កាលពីខែមុនសម្រាប់ការបន្តផ្តល់មូលនិធិ នៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវ ដល់ក្រុមប្រឆាំងសាធារណរដ្ឋនៅក្នុងសភា។ ក្នុងស្ថានភាពបែបនេះ លោកបានសង្កត់ធ្ងន់ ថា អាមេរិកនឹងត្រូវតែការពារ អឺរ៉ុប ប៉ុន្តែលោកបរាជ័យក្នុងការបញ្ចុះបញ្ចូល សមាជិកសភាដែលមានការសង្ស័យ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top