យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា ត្រូវបានអះអាងដោយឆ្មាំបដិវត្តន៍អ៊ីស្លាម (Corps) ដែលបានវាយប្រហារគោលដៅ នៅក្នុងប្រទេសស៊ីរី និង នៅអ៊ីរ៉ាក់ផងដែរ” ។
លោកបានលើកឡើងថា “ជាថ្មីម្តងទៀតយើងជំរុញឱ្យ មានការអត់ធ្មត់ជាអតិបរមា និងជៀសវាងការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់ ដែល មានភាពប្រែប្រួល និងកាន់តែខ្លាំងឡើង។ ស្ថានភាពបែបនេះក៏អាចនាំឱ្យមាន ការគណនាខុសដោយភាគី ដែលមានផលវិបាកកាន់តែអាក្រក់” ។
លោក Dujarric បានបន្ដថា អគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមថា រាល់កង្វល់សន្តិសុខរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងទំនាក់ទំនងអ្នកជិតខាងដ៏ល្អ។
កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានបាញ់កាំជ្រួចមីស៊ីល ផ្លោងប្រឆាំងនឹងមូលដ្ឋាននៃ “ភេរវករ” និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរីនិងតំបន់ Kurdistan របស់អ៊ីរ៉ាក់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ “ភេរវកម្ម” ប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា