ព័ត៌មានអន្តរជាតិ

មន្ត្រី៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ធ្វើការដោះលែងឲ្យនៅក្រៅឃុំ នៅខែក្រោយ

រូបភាពពី៖​ XINHUA

បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានទណ្ឌកម្មបានលើកឡើងនៅថ្ងៃពុធនេះថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ ដែលជាប់ពន្ធនាគារនោះ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើការដោះលែងឱ្យស្ថិតនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែវ័យ និងបញ្ហាសុខភាពរបស់គាត់ ។

មហាសេដ្ឋីប្រាក់លាន លោក ថាក់ស៊ីន វ័យ៧៤ឆ្នាំត្រូវបានគេនាំយកទៅសម្រាកនៅមន្ទីរពេទ្យ ដោយសារមានជំងឺលើសឈាម និងតឹងក្នុងទ្រូងក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការវិលត្រឡប់មកក្នុងប្រទេសថៃឡង់ដ៏វិញនៅក្នុងខែសីហាពីការនិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំដើម្បីអនុវត្តការកាត់ទោសរយៈពេល៨ឆ្នាំពីបទរំលោភលើអំណាច ។

ការកាត់ទោសរបស់គាត់ត្រូវបានរំសាយឲ្យនៅសល់ត្រឹម១ឆ្នាំវិញ ក្រោយពីព្រះមហាក្សត្រប្រទានការលើកលែងទោស ។

នាយកដ្ឋានទណ្ឌកម្ម កាលពីសប្តាហ៍មុន បានបន្តការស្នាក់នៅរបស់លោក ថាក់ស៊ីន នៅក្នុងមន្ទីរពេទ្យយោធាដោយលើកឡើងពីតម្រូវការនៃការតាមដានសុខភាពរបស់គាត់ ។

លោក Sitthi Sutivong អគ្គនាយករងនៃនាយកដ្ឋានទណ្ឌកម្ម បានប្រាប់ដល់អ្នកយកព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ថាតើ លោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងនៅក្នុងខែកុម្ភៈដែរឬទេ ដោយថា “ផ្អែកលើលក្ខណៈវិនិច្ឆ័យ លោក ថាក់ស៊ីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងទោសជាពិសេស” ។

លោក Sitthi បានលើកឡើងថា នាយកដ្ឋានរបស់លោកមិនទាន់ទទួលបានសំណើជាផ្លូវការពីពន្ធនាគារក្រុងបាងកក សម្រាប់ការដោះលែងរូបគាត់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top