បរទេស៖ កាសែត Izvestia នៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកសភារុស្ស៊ី លោក Aleksey Didenko បាននិយាយនៅក្នុងសំណើមួយទៅកាន់នាយករដ្ឋមន្ត្រី Mikhail Mishustin ថា ស្រាបៀរមកពីប្រទេសដែលមិនរួសរាយរាក់ទាក់ គួរតែត្រូវបានបញ្ចូលទៅក្នុងបញ្ជីទំនិញក្នុងបញ្ជីខ្មៅរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ ឡាតវី និង ប្រទេសលីទុយអានី បានក្លាយជាប្រទេសនាំចេញស្រាបៀរលំដាប់កំពូលទៅកាន់ប្រទេសរុស្ស៊ី ទោះបីជាប្រទេសទាំងបីបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងឆាកអន្តរជាតិក៏ដោយ។
លោក Didenko បានអះអាងថា “ស្រាបៀរគឺជាការនាំចេញដ៏សំខាន់សម្រាប់ប្រទេសអាឡឺម៉ង់… ប្រទេសអរិភាពកំពុងបង្កើនការចែកចាយភេសជ្ជៈចូលទៅក្នុងប្រទេសរបស់យើង ហើយរកប្រាក់បានរាប់សិបលានដុល្លារ ហើយចំណូលពន្ធដែលបានមក គឺកំពុងជួយគាំទ្រដល់កងទ័ពអ៊ុយក្រែន ក្នុងចំណោមរបស់ផ្សេងទៀត” ។
អាល្លឺម៉ង់គឺជាប្រភពដ៏ធំបំផុតនៃស្រាបៀរនាំចូលនៅក្នុងប្រទេសរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីដើមខែនេះថា វាមានច្រើនជាងមួយភាគបីនៃការនាំចូលស្រាបៀរទាំងអស់ក្នុងឆ្នាំ២០២២ និង ២០២៣។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ បរិមាណនៃការនាំចូលបានកើនឡើងជិតមួយភាគបីក្នុងឆ្នាំ ២០២៣ ដែលឈានដល់ ៩៦ លានដុល្លារ។
ធំជាងគេទីពីរគឺប្រទេសលីទុយអានី មានត្រឹមតែជាង ១៥ភាគរយ នៃការនាំចូលស្រាបៀរសរុបក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣៦,៥ លានដុល្លារ ពោលគឺជិតទ្វេដងនៃអ្វីដែលខ្លួនបាននាំចេញក្នុងឆ្នាំ ២០២២។ ប្រទេសឡាតវី ដែលជាប្រទេសធំទីបី បានបង្កើនចំនួនបួនដងកាលពីឆ្នាំមុនដល់ ៣៤,៤ លានដុល្លារ៕ ប្រែសម្រួលៈ ណៃ តុលា