ព័ត៌មានអន្តរជាតិ

អ្នកដឹកនាំធុរកិច្ចពិភពលោក នៅតែមានទំនុកចិត្ត លើសេដ្ឋកិច្ចចិន

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងកំណើនយឺត និងបញ្ហាប្រឈមជាច្រើនក៏ដោយ មេដឹកនាំធុរកិច្ច ដែលចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅតែមានទំនុកចិត្តលើការរំពឹងទុកនៃសេដ្ឋកិច្ចចិន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺជាក្បាលម៉ាស៊ីន ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិន (NBS) ចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានបង្ហាញពីកំណើន ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៣ ដែលខ្ពស់ជាងគោលដៅប្រចាំឆ្នាំប្រហែល ៥ភាគរយ។ GDP របស់ប្រទេសនេះ បានឈានដល់កំណត់ត្រា ១២៦,០៦​ពាន់ពាន់លានយន់ (ប្រហែល ១៧,៧១ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣។

នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឲ្យដឹងថា “សេដ្ឋកិច្ចចិន បានសម្រេចគោលដៅជាតិ ដែលត្រូវបានកំណត់ប្រហែល ៥ភាគរយ ហើយពិតជាលើសពីវា។ នោះគឺជាដំណឹងល្អ សម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ ពីព្រោះប្រទេសចិន ផ្តល់នូវកំណើនមួយភាគបីនៃពិភពលោក”។ ​
​ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន និងកំណើនសេដ្ឋកិច្ចយឺតក៏ដោយ ប្រធាន ABB លោក Peter Voser បានឲ្យដឹងថា លោកនៅតែមានទំនុកចិត្តលើប្រទេសចិន។ លោកបានបន្ថែមថា ABB មិនមានផែនការផ្លាស់ប្តូរយុទ្ធសាស្រ្តណាមួយនៅក្នុងប្រទេសនោះទេ។

ក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗជាច្រើន បាននិងកំពុងចាប់យកឱកាសយ៉ាងសកម្ម ដែលបង្កើតឡើងដោយទីផ្សារអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសចិន។ ប៉ុន្មានឆ្នាំមកនេះ ការវិនិយោគបរទេសនៅក្នុងទីផ្សារចិន ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយអ្នកវិនិយោគបរទេសក៏មានទំនុកចិត្តលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top