ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក កូរ៉េខាងត្បូង ជប៉ុន ជួបប្រជុំគ្នា ចំពេលមានភាពតានតឹង នៅឧបទ្វីបកូរ៉េ

រូបភាពពី៖​ Kyodo

តូក្យូ៖ អ្នកការទូតជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយភាពតានតឹង ដែលកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់មីស៊ីលផ្លោងកម្រិតមធ្យមរបស់កូរ៉េខាងជើងកាលពីចុងសប្តាហ៍មុន។

កិច្ចពិភាក្សារវាងលោក Kim Gunn តំណាងពិសេសរបស់កូរ៉េខាងត្បូង សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ និងសមភាគីអាមេរិក និងជប៉ុន លោក Jung Pak និងលោក Hiroyuki Namazu បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្នើឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ជាផ្លូវការនូវប្រទេសកូរ៉េខាងត្បូង​ជាសត្រូវ។

លោក Pak បានឲ្យដឹងនៅដើមដំបូងនៃកិច្ចចរចាថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ការកើនឡើងថ្មីៗនៃវោហាសាស្ត្រអរិភាព” របស់កូរ៉េខាងជើង ជាពិសេសចំពោះកូរ៉េខាងត្បូង។

លោកបានលើកឡើងថា “ការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការអភិវឌ្ឍន៍ដ៏សំខាន់ និងវិជ្ជមាននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កូរ៉េខាងជើង” ​។

អ្នកការទូតទាំងបីទំនងជានឹងលើកឡើងពីការព្រួយបារម្ភលើការបង្កើនកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ីក្នុងអំឡុងកិច្ចចរចាដែលគ្រោងនឹងបញ្ចប់នៅពេលក្រោយថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានជួបសមភាគីរុស្ស៊ី លោក Sergey Lavrov និងប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ លោក Lavrov បានប្រាប់លោក Choe ថា រុស្ស៊ី ថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់កូរ៉េខាងជើង ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top