ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនឡូជីស្ទីក លំដាប់ពិភពលោក មានគម្រោងពង្រីកការវិនិយោគ នៅកម្ពុជា

ភ្នំពេញ៖ លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមដឹកជញ្ជូន លំដាប់ពិភពលោក បានប្រាប់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅប្រទេសបារាំង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរបស់ខ្លួន មានគម្រោងពង្រីកការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។

ក្នុងជំនួបនេះ លោក Rodolphe SaaDé លើកឡើងអំពីសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីក ដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេស ចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ខណៈក្រុមហ៊ុន មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញ ចំនួន ៦ ផងដែរ ។ សេវាកម្មសំខាន់ៗ របស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញ ទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics), សេវាតាមដាន អំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធ នឹងកុងតឺន័រ សម្រាប់ដឹកទំនិញគ្រប់ប្រភេទ ។

ជាការឆ្លើយតប ក្នុងនាមតំណាងឲ្យនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល នៅក្នុងការធានានូវបរិយាកាស វិនិយោគអំណោយផល និងការជួយសម្របសម្រួល ដល់វិនិយោគិនទាំងអស់ ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ ៕

To Top