ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន TASS ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើងលើគ្រប់វិស័យ។
គួររំលឹកថា លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានមកដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ ហើយលោកបានជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារ ហើយពួកគេទាំង២នាក់បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងបន្ទាប់ពីការចរចាគ្នា ។
លោក Peskov បានលើកឡើងថា “ការពិភាក្សាជាទូទៅ គឺអំពីទំនាក់ទំនងទ្វេភាគី ស្ថានភាពនៅឧបទ្វីបកូរ៉េ” ដោយបានបន្ថែមថា បញ្ហាអន្តរជាតិក៏ត្រូវបានគ្របដណ្តប់ផងដែរក្នុងពេលជួបពិភាក្សានេះ ។
លោក Peskov បានធ្វើការកត់សម្គាល់ឲ្យដឹងថា “យើងបានលើកឡើងម្តងហើយម្តងទៀត … ថា ប្រទេសកូរ៉េ ខាងជើង គឺជាដៃគូដ៏សំខាន់របស់យើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា