បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានព្យាករណ៍ថា ជម្លោះពិភពលោករវាងលោកខាងលិច និងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងរយៈពេលប្រាំឆ្នាំប្រាកដជានឹងអាចកើតមានឡើង។
លោកShapps បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេសបង្កើនការចំណាយយោធារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថាការគំរាមកំហែងដែលមានស្រាប់នៅពេលបច្ចុប្បន្ននេះ ។
នៅក្នុងសុន្ទរកថាដំបូងរបស់គាត់ក្នុងនាមជាប្រមុខការពារជាតិកាលពីថ្ងៃចន្ទ លោក Shapps បានពណ៌នាចក្រភពអង់គ្លេសថាជាមហាអំណាចយោធាពិភពលោកនាំមុខគេ ដោយលើកថាបច្ចុប្បន្នថវិកាការពារជាតិមានចំនួនដល់ទៅ ៥០ពាន់លានផោនឬត្រូវជា៦៣ពាន់លានដុល្លារ។
ដោយឡែកក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះលើកងកម្លាំង Houthi ក្នុងប្រទេសយេមែននាយករដ្ឋមន្ត្រី Rishi Sunak ក៏បានធ្វើការប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីចំនួន២,៥ពាន់លានផោនឬត្រូវជា៣,២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី